បរិទេវ 3:17-26

បរិទេវ 3:17-26 គខប

ព្រះអង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។ តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។ ព្រះអង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។