បរិទេវ 3
3
ត្រូវតែមានសង្ឃឹមជានិច្ច!
1ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា
នៅគ្រាដែលព្រះជាម្ចាស់
ទ្រង់ព្រះពិរោធ។
2ព្រះអង្គបណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹត
គឺមិនមែនក្នុងពន្លឺឡើយ។
3ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដ
វាយខ្ញុំ ហើយវាយទៀត។
4ព្រះអង្គវាយខ្ញុំដាច់សាច់ដាច់ស្បែក
ព្រះអង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។
5ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនា
មករុំព័ទ្ធជុំវិញខ្ញុំ។
6ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត
ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
7ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំង
ដើម្បីកុំឲ្យខ្ញុំចេញរួច
ព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
8ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ
តែព្រះអង្គឃាត់ឃាំងគេ
មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
9ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំ
ព្រះអង្គបានពង្វាងផ្លូវខ្ញុំ។
10ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ
និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
11ព្រះអង្គដេញខ្ញុំចេញពីផ្លូវ
ព្រះអង្គហែកសាច់ខ្ញុំ
ព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។
12ព្រះអង្គយឹតធ្នូ
ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។
13ព្រះអង្គយកព្រួញទាំងអស់
ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។
14ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំ
រៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។
15ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់
ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
16ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញ
ព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។
17ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ
ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
18ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយ
សូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះអម្ចាស់
ក៏លែងមានទៀតដែរ”។
19ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល
ដែលខ្ញុំជួបប្រទះ
នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
20ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដី
ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។
21តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ
ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ
22គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស
របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ចំពោះខ្ញុំ ឥតទីបញ្ចប់។
23ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យអាណិតអាសូរនេះ
សាជាថ្មីរៀងរាល់ព្រឹក
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
មានទំហំធំពន់ពេកក្រៃ។
24ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី
ក្រៅពីព្រះអម្ចាស់ទេ
ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
25 ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គ
និងចំពោះអ្នកដែលស្វែងរកព្រះអង្គ។
26ការតាំងចិត្តស្ងប់ស្ងៀម
រង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះ
នោះពិតជាការល្អប្រពៃមែន។
27ជាការប្រពៃណាស់ដែលមនុស្ស
ទទួលការលត់ដំតាំងពីក្មេងទៅ។
28ពេលណាព្រះអង្គធ្វើទោស
យើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់
ដាច់ឡែកតែឯង
29ហើយក្រាបចុះ ឱនមុខដល់ដី
ធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
30ត្រូវបែរថ្ពាល់ឲ្យគេទះ
និងទ្រាំឲ្យគេជេរប្រមាថចុះ
31ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលយើង
រហូតឡើយ។
32ទោះបីព្រះអង្គដាក់ទោសក្ដី
ព្រះអង្គនៅតែអាណិតមេត្តាដដែល
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ធំពន់ពេកក្រៃ។
33ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹង
ដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
34ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែល
ជាប់ជាឈ្លើយក្នុងស្រុកណាមួយ
35ពេលគេរំលោភលើសិទ្ធិមនុស្ស
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
36ពេលគេកាត់ក្ដីមនុស្សដោយអយុត្តិធម៌
ព្រះអម្ចាស់ទតឃើញទាំងអស់!
37ពេលព្រះអម្ចាស់បង្គាប់អ្វីមួយ
ការនោះត្រូវតែកើតឡើង
ក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។
38សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់
ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
39ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដី
ក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែល
ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
40តោងយើងពិនិត្យពិច័យ និងស្ទង់មើល
កិរិយាមារយាទរបស់ខ្លួន
ហើយបែរចិត្តគំនិតមករកព្រះអម្ចាស់វិញ។
41ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់
ដែលគង់នៅស្ថានបរមសុខ*
តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។
42ព្រះអម្ចាស់អើយ
យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ហើយបះបោរប្រឆាំងនឹងព្រះអង្គ
ព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។
43ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំ
ព្រះពិរោធបានបាំងព្រះអង្គមិនឲ្យ
ត្រាប្រណីយើងខ្ញុំ។
44ព្រះអង្គពួននៅក្នុងពពក*
ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរ
ឮទៅដល់ព្រះអង្គឡើយ។
45ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជា
សំរាម ដែលគ្មាននរណារាប់រក
ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
46ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ
នាំគ្នាជេរប្រមាថយើងខ្ញុំ។
47យើងខ្ញុំជួបប្រទះតែគ្រោះកាច
ការភ័យខ្លាច និងការវិនាសអន្តរាយ។
48ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង
ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
49ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ
និងឥតស្រាកស្រាន្ត
50រហូតទាល់តែព្រះអម្ចាស់ទតឃើញ
ពីស្ថានបរមសុខ។
51ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាន
នៅក្នុងក្រុងរបស់ខ្ញុំ។
52អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំ
ដោយឥតហេតុផល
ដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។
53ពួកគេបោះខ្ញុំក្នុងអណ្ដូង
រួចយកថ្មគ្របពីលើ ដើម្បីឲ្យខ្ញុំថប់ដង្ហើម។
54ពេលនោះ ទឹកលិចក្បាលខ្ញុំ
ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ!
55ឱព្រះអម្ចាស់អើយ
ទូលបង្គំអង្វររកព្រះនាម
របស់ព្រះអង្គពីបាតអណ្ដូងនោះមក។
56ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ
ស្រែកអង្វរថា:
“សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ
សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ
សូមជួយទូលបង្គំផង!”។
57នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គ
ព្រះអង្គយាងចូលមកជិតទូលបង្គំ
ព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
58ព្រះអម្ចាស់អើយ
ព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំ
ព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។
59 ព្រះអម្ចាស់អើយ
ព្រះអង្គបានទតឃើញពួកគេ
សង្កត់សង្កិនទូលបង្គំ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
60ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេ
ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន
ប្រឆាំងនឹងទូលបង្គំ។
61 ព្រះអម្ចាស់អើយ
ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថ
ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន
ប្រឆាំងនឹងទូលបង្គំ។
62ព្រះអង្គបានឮពួកគេនិយាយ
ហើយក៏ឮពួកគេគិតគូរគម្រោងការ
ប្រឆាំងនឹងទូលបង្គំដែរ។
63សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដី
ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។
64ឱព្រះអម្ចាស់អើយ
សូមតបស្នងទៅពួកគេវិញ
ស្របតាមអំពើដែលពួកគេប្រព្រឹត្ត។
65សូមធ្វើឲ្យពួកគេមានចិត្តរឹងរូស
ហើយដាក់បណ្ដាសាពួកគេទៅ។
66ព្រះអង្គដេញតាមពួកគេ ទាំងព្រះពិរោធ
ហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យ
ពីផែនដីនេះ។
ទើបបានជ្រើសរើសហើយ៖
បរិទេវ 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.