បរិទេវ 1:18-22

បរិទេវ 1:18-22 គខប

ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ។ ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ យុវជន និង​យុវ‌នារី​របស់​ខ្ញុំ ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។ ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង ដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង នឹង​ព្រះអង្គ​មែន! នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់ នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។ គេ​បាន​ឮ​ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​សប្បាយ​ចិត្ត ដោយ​ឃើញ​ព្រះអង្គ​ធ្វើ​ទោស​ខ្ញុំ​ម្ចាស់ ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះអង្គ​កំណត់​ទុក បាន​មក​ដល់។ សូម​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ម្ចាស់​ដែរ! សូម​ទត​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត។ សូម​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន ដាក់​ទោស​ខ្ញុំ​ម្ចាស់ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្ត ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ​យ៉ាង​សែន​វេទនា ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។