យូដាស 1
1
សេចក្ដីផ្ដើម
1 ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត* និងជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសម្រាប់ព្រះយេស៊ូគ្រិស្ត សូមជ្រាប។
2សូមព្រះជាម្ចាស់មេត្តាករុណាប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។
អំពីគ្រូអាចារ្យក្លែងក្លាយ
3បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបងប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ* ម្ដងជាសូរេច 4ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។
5 បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីស្រុកអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។ 6រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ 7 រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ 8ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង ។ 9 នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!» ។ 10រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលឲ្យតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។ 11 អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
12នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ 13ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!។
14 លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត 15ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសម្ដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ» ។ 16ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសម្ដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
ពាក្យដាស់តឿនផ្សេងៗ
17ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។ 18 លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុតនឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។ 19អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។
20រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ 21ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ 22ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ 23ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។
24ព្រះជាម្ចាស់អាចការពារបងប្អូនមិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។ 25មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្តុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលព្រះអង្គមានតាំងពីមុនកាលសម័យទាំងអស់ ហើយព្រះអង្គក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។
ទើបបានជ្រើសរើសហើយ៖
យូដាស 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.