ព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជាជនអ៊ីស្រាអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត លោកយ៉ូស្វេមានវ័យចាស់ជរា លោកបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់ គឺទាំងក្រុមព្រឹទ្ធាចារ្យ ទាំងក្រុមអ្នកដឹកនាំ ទាំងក្រុមចៅក្រម និងនាយក្រុម មកផ្ដែផ្ដាំថា៖ «ឥឡូវនេះ ខ្ញុំមានវ័យចាស់ជរាហើយ អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះប្រជាជាតិទាំងនោះសម្រាប់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធ ដើម្បីអ្នករាល់គ្នា។ មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ដែលខ្ញុំដណ្ដើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើត រហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងបណ្ដេញពួកគេចេញឲ្យឆ្ងាយពីអ្នករាល់គ្នា ហើយយកទឹកដីរបស់ពួកគេមកប្រគល់ឲ្យអ្នករាល់គ្នាកាន់កាប់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា»។ ចូរមានកម្លាំងខ្លាំងក្លាឡើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ*របស់លោកម៉ូសេ ដោយមិនប្រាសចាកទៅខាងស្ដាំ ឬទៅខាងឆ្វេងឡើយ។ មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តរហូតមកដល់សព្វថ្ងៃ ព្រះអម្ចាស់នឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លា មកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃ គ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាឡើយ។ មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានា ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ ចូរចងចាំឲ្យច្បាស់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលែងបណ្ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំពាត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យ។ «ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា ព្រះបន្ទូលទាំងប៉ុន្មានស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។
អាន យ៉ូស្វេ 23
ស្ដាប់នូវ យ៉ូស្វេ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 23:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ