យ៉ូស្វេ 15

15
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា
1ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។ 2ព្រំ‌ប្រទល់​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប 3រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រា‌ប៊ីម និង​វាល​រហោ‌ស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-‌បារនា រួច​បន្ត​ទៅ​ដល់​ហេត‌ស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។ 4ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាស‌ម៉ូន​រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​កុល‌សម្ព័ន្ធ​យូដា។ 5រីឯ​ព្រំ‌ប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំ‌ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់ 6ឡើង​រហូត​ទៅ​ដល់​បេត-‌ហុកឡា កាត់​តាម​ខាង​ជើង​បេតអា‌រ៉ាបា ហើយ​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​បូហាន។ លោក​បូហាន​ត្រូវ​ជា​កូន​របស់​លោក​រូបេន។ 7ព្រំ‌ប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីល‌កាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-‌សេ‌ម៉េស ហើយ​ទៅ​ដល់​អេន-‌រ៉ូកែល 8រួច​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ិនុម ដែល​នៅ​ជម្រាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។ 9ព្រំ‌ប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិប‌តា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គារ‌យ៉ាត-‌យា‌រីម។ 10ពី​បាឡា ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេ‌មែស ដោយ​កាត់​តាម​ធីមណា 11រួច​ទៅ​ដល់​ខាង​ជើង​ជម្រាល​ភ្នំ​អេក្រូន បត់​ទៅ​រក​ស៊ីក្រូន កាត់​តាម​ភ្នំ​បាឡា រហូត​ទៅ​ដល់​យ៉ាប់‌នាល និង​សមុទ្រ​មេឌី‌ទែរ៉ាណេ។ 12រីឯ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។
លោក​កាលែប​វាយ​យក​ក្រុង​ហេប្រូន និង​ក្រុង​ដេបៀរ
13 រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូ‌នេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ជូន​លោក ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ទឹក​ដី​នោះ​គឺ​ក្រុង​ហេប្រូន ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គារ‌យ៉ាត-‌អើបា -លោក​អើបា​ត្រូវ​ជា​ឪពុក​របស់​លោក​អណាក់។ 14លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ​ពី​ពូជ‌ពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ​អំបូរ​អហ៊ី‌ម៉ាន និង​អំបូរ​តាល‌ម៉ាយ។ 15បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ​ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ​មាន​ឈ្មោះ​ថា​គារ‌យ៉ាត-‌សេភើរ។ 16លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត-‌សេ‌ភើរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់‌សា កូន​ស្រី​របស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។ 17លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។ 18កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ 19នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​កូន​ផង ដ្បិត​ដី​ដែល​លោក​ឪពុក​បាន​ចែក​ឲ្យ​កូន​នៅ​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​ចែក​អណ្ដូង​ឲ្យ​កូន​ផង!»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម​ឲ្យ​នាង។
ស្រុក​ភូមិ​របស់​កុល‌សម្ព័ន្ធ​យូដា
20ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: 21ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង​នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំ‌ប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោ‌ស្ថាន​ណេកិប​មាន: កាបសៀល អេឌើរ យ៉ាគើរ 22គីណា ឌីម៉ូ‌ណា អាដា‌ដា 23កេដែស ហា‌សោរ អ៊ីថ្នាន 24ស៊ីភ តេលែម បេអា‌ឡូត 25ហា‌សោរ-‌ហាដា‌ថា កេរី‌យ៉ូត-‌ហេត‌ស្រូន (គឺ​ហា‌សោរ) 26អាម៉ាម សេម៉ា ម៉ូឡា‌ដា 27ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតផា‌លែត 28ហាត់‌សារ-‌សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា 29បាឡា អ៊ីយ៉ីម អាត់‌សែម 30អែល‌ថូឡាត កេ‌សៀល ហោ‌ម៉ា 31ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន-‌សាណា 32ល្បា‌អូត ស៊ីល‌ហ៊ីម អាយីន និង​រ៉ីមម៉ូន។ សរុប​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
33រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​វាល​ទំនាប មាន: អែស‌ថោល សូរ៉ាស់ អាសណា 34សា‌ណូអា អេន-‌កានីម តាពួរ អេណាម 35យ៉ារ‌មូត អាឌូ‌ឡាំ សូកូ អា‌សេ‌កា 36ស្អារ៉ែម អាឌី‌ថែម កេដេ‌រ៉ា និង​ក្ដេរ៉ូ‌ថែម គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
37បន្ទាប់​មក មាន: សេណាន ហា‌ដា‌សា មីគ‌ដាល-‌កាដ 38ឌី‌លាន មីសប៉ា យ៉ុគ‌ធាល 39ឡាគីស បូស‌កាត់ អេក្លូន 40កាបូន ឡា‌ម៉ាស គីត‌លីស 41កេដេ‌រ៉ូត បេត‌ដាកូន ណា‌អាម៉ា និង​ម៉ាកេ‌ដា គឺ​មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ 42បន្ទាប់​មក មាន: លីប‌ណា អេធើរ អាសាន 43យីប‌ថា អាស‌ណា នេស៊ីប 44កៃឡា អាក‌ស៊ីប និង​ម៉ារី‌សា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំ‌វិញ។
45បន្ទាប់​មក មាន: ក្រុង​អេក្រូន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ 46ព្រម​ទាំង​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ក្រុង​អាស‌ដូឌ​ផង គឺ​ចាប់​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ 47ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌី‌ទែរ៉ាណេ។
48រីឯ​ក្រុង​ទាំង‌ឡាយ ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ​មាន: សា‌មៀរ យ៉ាត‌ទៀរ សូកូ 49ដាណា គារយ៉ាត សាន‌ណា (គឺ​ដេបៀរ) 50អាណាប អែស‌ធេម៉ូរ អានីម 51កូសែន ហូឡូន និង​គីឡោ គឺ​មាន​ទាំង​អស់​ដប់​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ 52បន្ទាប់​មក មាន: អារ៉ាប ឌូម៉ា អែស‌អៀន 53យ៉ានិម បេត-‌តាពូ‌អា អាផេ‌កា 54ហិម‌កា គារ‌យ៉ាត-‌អើបា (គឺ​ហេប្រូន) និង​ស៊ី‌អោរ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
55បន្ទាប់​មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា 56យេសរាល យ៉ុក‌ឌាម សា‌ណូអា 57កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
58បន្ទាប់​មក មាន: ហាល់‌ហ៊ូល បេត‌សើរ កេដោរ 59ម៉ារ៉ាត បេតអា‌ណូត និង​អែល‌ទិកុន គឺ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ 60បន្ទាប់​មក មាន: គារយ៉ាត-‌បាល (គឺ​គៀរី‌យ៉ាត-‌យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។
61រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​វាល​រហោ‌ស្ថាន​មាន: បេតអា‌រ៉ាបា មីត‌ឌីន សេ‌កាកា 62នីបសាន អៀហា មេឡាក់ និង​អេន-‌គេឌី គឺ​មាន​ទាំង​អស់​ដប់‌ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។
63 កូន​ចៅ​យូដា​ពុំ​អាច​បណ្ដេញ​ជន‌ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ចេញ​ឡើយ។ ហេតុ​នេះ ជន‌ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 15: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ