យ៉ូអែល 2:1-17

យ៉ូអែល 2:1-17 គខប

ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះ‌ជាម្ចាស់! ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លុប ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។ នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល ឆេះ​បំផ្លាញ​ទាំង​អស់​នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។ ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ ពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល​សេះ សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចម្បាំង ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ តម្រៀប​គ្នា​ចូល​ប្រយុទ្ធ។ ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។ ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាច ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ ម្នាក់ៗ​សម្រុក​ទៅ​មុខ ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។ គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។ ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង រត់​នៅ​លើ​កំពែង​ក្រុង ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា ដូច​ចោរ​ចូល​លួច។ ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។ ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ច្រើន​លើស‌លុប និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។ «ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដាក់​ទោស​ទេ។ ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយជូរ និង​ប្រេង ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក! ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់! ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូអែល 2:1-17