នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយ៉ូអែល ជាកូនរបស់លោកពេធូអែល។ ពួកព្រឹទ្ធាចារ្យអើយ ចូរស្ដាប់! អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុការណ៍នេះធ្លាប់កើតមាន នៅជំនាន់អ្នករាល់គ្នា ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា? ចូររៀបរាប់ហេតុការណ៍នេះ ប្រាប់កូនចៅរបស់អ្នករាល់គ្នា ហើយឲ្យកូនចៅរបស់អ្នករាល់គ្នា រៀបរាប់ប្រាប់កូនចៅរបស់ខ្លួន រួចឲ្យអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្ត ទៅកូនចៅនៅជំនាន់ក្រោយៗ។ អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។ មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។ មានកណ្ដូបមួយហ្វូងលើកគ្នាដូចកងទ័ពមួយ មកប្រហារស្រុករបស់យើង ពួកវាខ្លាំងពូកែ និងមានចំនួនច្រើនឥតគណនា មានចង្កូម ដូចចង្កូមរបស់សិង្ហឈ្មោល និងមានថ្គាមដូចថ្គាមរបស់សិង្ហញី។ ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើង ពួកវាកម្ទេចដើមឧទុម្ពររបស់យើង ពួកវាស៊ីសំបក និងជម្រុះស្លឹកអស់ បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។ ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ ព្រោះគូដណ្ដឹងរបស់នាងស្លាប់។ គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះអម្ចាស់ក្នុងព្រះដំណាក់ទៀតទេ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើ ព្រះអម្ចាស់នាំគ្នាកាន់ទុក្ខ។ ចម្ការទាំងឡាយត្រូវហិនហោចអស់ សូម្បីតែដីក៏កាន់ទុក្ខដែរ គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី ហើយក៏គ្មានប្រេងទៀតផង។ អ្នកភ្ជួររាស់បាក់ទឹកចិត្ត អ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេង ព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេ ហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។ ដើមទំពាំងបាយជូរស្វិតអស់ ដើមឧទុម្ពរក្រៀមស្ងួតអស់ រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ ក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។ ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងព្រះដំណាក់ទៀតឡើយ។ ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជន នៅក្នុងស្រុកទាំងមូល ឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ! ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ គឺជាថ្ងៃដែលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត យាងមកបំផ្លាញអ្វីៗទាំងអស់។ ពួកយើងឃើញម្ហូបអាហាររលាយបាត់ ពីមុខពួកយើង ហើយនៅក្នុងដំណាក់របស់ព្រះនៃយើង ក៏លែងមានអំណរ និងការសប្បាយរីករាយ ទៀតដែរ។ គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់ ជង្រុកស្រូវនៅទទេ ឃ្លាំងទុកភោគផលខូចខាតអស់ ដ្បិតគ្មានស្រូវនៅសល់ឡើយ។ ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង ព្រោះគ្មានស្មៅស៊ី សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។ ព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ដ្បិតភ្លើងឆេះកម្ទេចវាលស្មៅ អណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាន នៅតាមចម្ការ។ សូម្បីតែសត្វព្រៃក៏បែរមុខទៅរកព្រះអង្គដែរ ដ្បិតប្រភពទឹកទាំងឡាយរីងស្ងួតអស់ ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ។
អាន យ៉ូអែល 1
ស្ដាប់នូវ យ៉ូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 1:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ