យ៉ូអែល 1:1-20

យ៉ូអែល 1:1-20 គខប

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេធូ‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់! អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា ឬ​នៅ​ជំនាន់​ដូនតា​របស់​អ្នក​រាល់​គ្នា? ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះ ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។ អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ចង្រិត​ស៊ី​បង្ហិន ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ក្រា​ស៊ី​បង្ហិន។ មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​នាំ​គ្នា​យំ​សោក! អស់​អ្នក​ចំណូល​ស្រា​អើយ ចូរ​សោក​សង្រេង​ទៅ! អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។ មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ មក​ប្រហារ​ស្រុក​របស់​យើង ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។ ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់ បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។ ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។ គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។ ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។ អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។ ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់ ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់ រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ ក៏​ងាប់​អស់​ដែរ ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។ ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។ ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ! ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។ ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ ពី​មុខ​ពួក​យើង ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយ ទៀត​ដែរ។ គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ ជង្រុក​ស្រូវ​នៅ​ទទេ ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។ ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ ហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែង ព្រោះ​គ្មាន​ស្មៅ​ស៊ី សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅ អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​តាម​ចម្ការ។ សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះអង្គ​ដែរ ដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់ ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូអែល 1:1-20