យ៉ូប 39

39
1ពពែ​ព្រៃ​មាន​កូន​នៅ​ពេល​ណា
តើ​អ្នក​ដឹង​ឬ​ទេ?
តើ​អ្នក​ដែល​សង្កេត​ឃើញ
ក្ដាន់​ញី​បង្កើត​កូន​ឬ​ទេ?
2តើ​អ្នក​បាន​រាប់​ចំនួន​ខែ​ដែល​វា​ផើម
ហើយ​ដឹង​ពេល​ដែល​វា​ត្រូវ​បង្កើត​កូន​ឬ​ទេ?
3វា​ក្រាប​ចុះ រួច​បង្កើត​កូន​ចេញ​មក
ហើយ​បាត់​ការ​ឈឺ​ចាប់។
4កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួន
ហើយ​ចម្រើន​ធំ​ឡើង​នៅ​តាម​ទី​វាល
រួច​ចាក​ចេញ​ពី​មេ​វា​ទៅ
ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។
5តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​លា​ព្រៃ
ដោយ​ស្រាយ​ចំណង​របស់​វា?
6យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ
ដី​ដែល​មាន​ជាតិ​ប្រៃ​ជា​លំ‌នៅ​របស់​វា។
7វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ
ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា
ស្រែក​ដាក់​វា​ដែរ។
8វា​រក​ស៊ី​នៅ​តាម​ដង​ភ្នំ
វា​ស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។
9តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នក
ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ?
10តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ
បង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ?
តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នក
នៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ?
11តើ​អ្នក​អាច​ទុក​ចិត្ត​វា
ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា
ហើយ​ចង់​ឲ្យ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន
របស់​អ្នក​ឬ​ទេ?
12តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ
យក​ទៅ​លាន​បោក​បែន
ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?
13សត្វ​អូទ្រុស ទទះ​ស្លាប​យ៉ាង​សង្ហា
ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ?
14វា​ពង​ចោល​នៅ​លើ​ដី
ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ខ្សាច់
15ដោយ​ពុំ​នឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ
ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កម្ទេច​ឡើយ។
16វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា
ធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។
វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ
ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ
17ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា
ហើយ​គ្មាន​គំនិត​យោបល់។
18ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខ
នោះ​សេះ និង​អ្នក​ជិះ​សេះ
ពុំ​អាច​ដេញ​តាម​វា​ទាន់​ឡើយ។
19តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​សេះ?
តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​សក់​ដ៏​វែង​អន្លាយ
ដុះ​នៅ​លើ​កញ្ចឹង‌ក​របស់​វា?
20តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប
និង​មាន​សម្រែក​គួរ​ឲ្យ​ញាប់‌ញ័រ?
21វា​បោល​នៅ​តាម​ជ្រលង​ភ្នំ
ហើយ​បញ្ចេញ​កម្លាំង សម្រុក​ទៅ​រក​សមរ‌ភូមិ។
22វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត
ហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​ឡើយ។
23សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង
និង​ស្ន លាន់​ឮ​នៅ​លើ​ខ្លួន​វា។
24វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ
ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែង
វា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។
25កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើង
វា​ស្រង់​ក្លិន​ចម្បាំង​ពី​ចម្ងាយ
ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ព
និង​សម្រែក​ប្រកាស​សឹក​ដែរ។
26តើ​សត្វ​ប្រមង់​សំកាំង​ស្លាប
តម្រង់​ទៅ​ទិស​ខាង​ត្បូង
ដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មី
ដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ?
27តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើ
ហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗ
តាម​បញ្ជា​របស់​អ្នក​ឬ?
28នៅ​ពេល​យប់ វា​ស្នាក់​នៅ​តាម​ថ្ម
វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ
ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។
29ពី​ទី​ខ្ពស់​នោះ វា​សម្លឹង​ចាំ​ចាប់​រំពា
វា​អាច​មើល​ឃើញ​ពី​ចម្ងាយ។
30 កូន​របស់​វា​ជញ្ជក់​ឈាម
ទី​ណា​មាន​សាក‌សព វា​ស្ថិត​នៅ​ទី​នោះ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 39: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ