ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ? តើនរណាទប់សមុទ្រជាប់ នៅពេលដែល ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី? គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។ យើងបញ្ជាទៅសមុទ្រថា “ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ! ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ!”។ តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។ រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។ តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ? តើមាននរណាបង្ហាញឲ្យអ្នកឃើញ ទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ? តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើអ្នកដឹង ចូរនិយាយមកចុះ! តើពន្លឺស្ថិតនៅកន្លែងណា? តើសេចក្ដីងងឹតនៅឯណា? បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។ អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ! តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ? តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ? យើងទុកហិមៈ និងព្រឹលដោយឡែក សម្រាប់គ្រាមហន្តរាយ និងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។ ពន្លឺចាំងចែងមកតាមផ្លូវណា ហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ? តើនរណាបើកផ្លូវឲ្យទឹកភ្លៀង ហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់ រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? តើភ្លៀងមានឪពុកឬទេ? នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម? តើនរណាជាម្ដាយរបស់ទឹកដែលកក ព្រមទាំងសម្រាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ? ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម ហើយមហាសាគរក៏កកដែរ។ តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ? តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក តាមពេលកំណត់របស់វា និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ? តើអ្នកស្គាល់ច្បាប់នៅលើមេឃ ហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ ផែនដីបានឬទេ? ពេលអ្នកស្រែកបញ្ជាទៅពពក តើភ្លៀងបង្អុរមកលើអ្នកឬទេ? ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មី តើវាយល់ព្រមទៅឬទេ? តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុន ថាដល់ពេលទឹកឡើង ហើយដឹងថារដូវវស្សាចូលមកដល់? តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក ព្រមទាំងផ្អៀងអាងនៅលើមេឃ ឲ្យបង្ហូរទឹកចុះមក ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នា ហើយធ្វើឲ្យដីបែកក្រហែង មកនៅជាប់គ្នាវិញ។ តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន នៅពេលដែលវាក្រាបក្នុងរូង ឬសម្ងំចាប់រំពានៅក្នុងព្រៃល្បោះ? តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
អាន យ៉ូប 38
ស្ដាប់នូវ យ៉ូប 38
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 38:7-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ