យ៉ូប 35

35
លោក​អេលី‌ហ៊ូវ​ចោទ​លោក​យ៉ូប​ថា​និយាយ​មិន​បាន​ការ
1លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍
ទៀត​ថា៖
2«តើ​លោក​ស្មាន​ថា​លោក​ត្រូវ​ទាំង​ស្រុង​ឬ?
តើ​លោក​អាច​ពោល​ថា លោក​សុចរិត
ជាង​ព្រះ‌ជាម្ចាស់​ឬ?
3លោក​បាន​ទូល​ព្រះអង្គ​ថា:
“បើ​ទូលបង្គំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះ
នោះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះអង្គ​ទេ
ហើយ​ទូលបង្គំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។
4ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក
ព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​លោក​ដូច​ត​ទៅ:
5សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ
សូម​មើល​ទៅ​ពពក
ថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា!
6 បើ​លោក​ប្រព្រឹត្ត​អំពើ​បាប
តើ​លោក​ធ្វើ​ឲ្យ​ព្រះអង្គ​អំពល់​យ៉ាង​ណា
បើ​លោក​បំពាន​លើ​វិន័យ*​កាន់​តែ​ច្រើន​ឡើងៗ
តើ​ព្រះអង្គ​ខ្វល់​ខ្វាយ​ឬ​ទេ?
7បើ​លោក​ជា​មនុស្ស​សុចរិត
តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ?
តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក?
8តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត
ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ
ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត
ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។
9ពេល​ណា​មាន​ការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើន
មនុស្ស​តែងតែ​ស្រែក​ថ្ងូរ
ហើយ​ពេល​ណា​អ្នក​កាន់​អំណាច​ប្រព្រឹត្ត
អំពើ​ឃោរ‌ឃៅ​កាន់​តែ​ខ្លាំង​ឡើងៗ
មនុស្ស​តែងតែ​ស្រែក​ហៅ​គេ​ជួយ
10តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា:
“ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ
ហើយ​ធ្លាប់​ដាស់​តឿន​ខ្ញុំ
ឲ្យ​ស្មូត្រ​ទំនុកតម្កើង នៅ​ពេល​រាត្រី​នោះ
តើ​ព្រះអង្គ​គង់​នៅ​ឯ​ណា”?
11ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ
ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី
ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា
ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។
12ពេល​គេ​ស្រែក​រក​ព្រះអង្គ
ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ
ព្រះអង្គ​មិន​ឆ្លើយ​ទេ
13គេ​ស្រែក​រក​ព្រះអង្គ
តែ​ឥត​បាន​ផល​អ្វី​ឡើយ
ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់
ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
មិន​រវី‌រវល់​នឹង​គេ​ទេ។
14លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ
លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ
ហើយ​លោក​នៅ​រង់‌ចាំ។
15លោក​គិត​ថា​ព្រះអង្គ​មិន​ដាក់​ទោស
ហើយ​ព្រះអង្គ​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោរ
របស់​លោក​ដែរ។
16អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ
លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 35: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល