យ៉ូប 28:12-28

យ៉ូប 28:12-28 គខប

រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា? មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ ហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។ ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ” មហា​សមុទ្រ​ពោល​ថា “ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ” គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញា ហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។ គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។ គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេ ហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយ ភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន កែវ‌មុក្ដា​ទៅ​ទៀត។ ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូច ទៅ​នឹង​ប្រាជ្ញា ហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹង ជា​មួយ​មាស​បាន​ទេ។ ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណា តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា? មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេ រីឯ​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ក៏​មិន​អាច​មើល​ឃើញ​ដែរ។ រណ្ដៅ​នៃ​សេចក្ដី​វិនាស និង​មច្ចុរាជ​ពោល​ថា “យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញា”។ មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។ ពេល​ណា​ព្រះអង្គ​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់​សមុទ្រ ពេល​ណា​ព្រះអង្គ​កំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ ព្រះអង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា ព្រះអង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ ព្រះអង្គ​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។