យ៉ូប 21

21
ចម្លើយ​របស់​លោក​យ៉ូប​ទៅ​កាន់​លោក​សូផារ: មនុស្ស​អាក្រក់​តែងតែ​មាន​សុភមង្គល​រហូត​ឬ?
1លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖
2«សូម​អស់​លោក​ត្រង‌ត្រាប់
ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង
ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សម្រាល​ទុក្ខ​អ្វី​ផ្សេង​ទេ។
3សូម​ទ្រាំ​ស្ដាប់​ខ្ញុំ​និយាយ​សិន
ពេល​ណា​ខ្ញុំ​និយាយ​ចប់ សឹម​ចំអក​ឲ្យ​ខ្ញុំ។
4ខ្ញុំ​មិន​ត្អូញ‌ត្អែរ​ប្រឆាំង​នឹង​មនុស្ស​ទេ
ខ្ញុំ​អត់‌ធ្មត់​មិន​បាន​ដូច្នេះ មក​ពី​មាន​មូល​ហេតុ។
5សូម​ក្រឡេក​មើល​មក​ខ្ញុំ
នោះ​អស់​លោក​នឹង​ស្រឡាំង‌កាំង
ហា​មាត់​និយាយ​លែង​កើត។
6ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែល
កើត​មាន​ចំពោះ​ខ្ញុំ
នោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។
7ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​រស់​បាន​យូរ
ហើយ​មាន​កម្លាំង​កាន់​តែ​រឹង‌ប៉ឹង​ឡើង​ដូច្នេះ?
8កូន​ចៅ​របស់​គេ​ក៏​រឹង‌ប៉ឹង​ជា​មួយ​គេ
ហើយ​ពូជ‌ពង្ស​របស់​គេ​ក៏​ចម្រុង‌ចម្រើន
នៅ​ចំពោះ​មុខ​គេ​ដែរ។
9ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខ
គឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ
ព្រះ‌ជាម្ចាស់​មិន​ដែល​លើក​ដំបង​វាយ​ប្រហារ
ពួក​គេ​សោះ។
10ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើង
ឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។
11កូន​តូចៗ​របស់​ពួក​គេ​រត់​លេង
មាន​គ្នា​ច្រើន​ដូច​ហ្វូង​សត្វ
ហើយ​កូន​ធំៗ​របស់​គេ​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ។
12ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ
ហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។
13រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅ
ប្រកប​ដោយ​សុភមង្គល
រួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។
14អ្នក​ទាំង​នោះ​ធ្លាប់​ទូល​ព្រះ‌ជាម្ចាស់​ថា
“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ
យើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ​ទេ។
15តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ជា​អ្វី
បាន​ជា​យើង​ត្រូវ​បម្រើ​ព្រះអង្គ
តើ​យើង​ទូល‌អង្វរ​ព្រះអង្គ​បាន​ប្រយោជន៍​អ្វី?”
16អ្នក​ទាំង​នោះ​ស្មាន​ថា​សុភមង្គល​ស្ថិត​នៅ
ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន។
ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មាន
របស់​មនុស្ស​អាក្រក់?
17ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់
តែងតែ​រលត់
ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេ
ព្រះ‌ជាម្ចាស់​ដាក់​ទោស​ពួក​គេ
ស្រប​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ។
18ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង​ប៉ើង​តាម​ខ្យល់
និង​ដូច​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
19អស់​លោក​ពោល​ថា
“ព្រះ‌ជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅ
ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត”
ក៏​ប៉ុន្តែ សូម​ព្រះអង្គ​ដាក់​ទោស
មនុស្ស​អាក្រក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។
20សូម​ឲ្យ​គេ​ឃើញ​ទុក្ខ​វេទនា​របស់​ខ្លួន
គឺ​សូម​ឲ្យ​ខ្លួន​គេ​ផ្ទាល់​រង​នូវ​ព្រះ‌ពិរោធ
របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។
21កាល​ណា​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់
ឈាន​ដល់​ទី​បញ្ចប់​ហើយ
គេ​មិន​អាច​អំពល់​ពី​អនាគត​នៃ​ក្រុម​គ្រួសារ
របស់​ខ្លួន​បាន​ទេ។
22គ្មាន​នរណា​អាច​បង្រៀន​ព្រះ‌ជាម្ចាស់
ឲ្យ​ចេះ​ដឹង​បាន​ឡើយ
ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់
ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ​ដែរ។
23អ្នក​ខ្លះ​ស្លាប់ ក្រោយ​ពី​បាន​រស់​នៅ​យ៉ាង​ស្រណុក
ហើយ​ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ឥត​ទុក្ខ​កង្វល់
24សាច់​ឈាម​នៅ​ស្រស់​ល្អ កម្លាំង​នៅ​រឹង‌ប៉ឹង។
25អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ
ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។
26ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់
ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។
27ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់
ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោក
ចំពោះ​ខ្ញុំ​ដែរ។
28អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណា
លំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះ
នៅ​ឯ​ណា”
29តើ​អស់​លោក​មិន​បាន​សួរ​អ្នក​ដើរ​តាម​ផ្លូវ​ទេ​ឬ?
តើ​អស់​លោក​មិន​ឮ​គេ​ប្រាប់​ទេ​ឬ ថា
30នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា
នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ
មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។
31មិន​ដែល​មាន​នរណា​បន្ទោស​អ្នក​នោះ
ចំពោះ​មុខ​ទេ
ហើយ​ក៏​គ្មាន​នរណា​ធ្វើ​ទោស​គេ
តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ។
32គេ​នឹង​សែង​សព​មនុស្ស​អាក្រក់​ទៅ​បញ្ចុះ
ហើយ​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ទៀត​ផង
33មាន​មនុស្ស​ជា​ច្រើន​ដង្ហែ​សព​គេ​ពី​មុខ​ពី​ក្រោយ
ហើយ​គំនរ​ដី​នៅ​ជ្រលង​ភ្នំ
ដែល​លុប​ពី​លើ​សព​របស់​គេ
ក៏​ហាក់​ដូច​ជា​ទន់​ស្រួល​សម្រាប់​គេ​ដែរ។
34ហេតុ​អ្វី​បាន​ជា​អស់​លោក​យក​ពាក្យ​សម្ដី
ឥត​បាន​ការ មក​សម្រាល​ទុក្ខ​ខ្ញុំ​ដូច្នេះ?
ចម្លើយ​របស់​អស់​លោក​សុទ្ធ​តែ​ពាក្យ​មិន​ពិត»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 21: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល