យ៉ូប 2:1-10

យ៉ូប 2:1-10 គខប

ថ្ងៃ​មួយ ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អម្ចាស់ ហើយ​មារ​សាតាំង​ក៏​មក​គាល់​ព្រះអង្គ​ជា​មួយ​ពួក​គេ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​មក​ពី​ណា?»។ សាតាំង​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កម្សាន្ត​ជុំ‌វិញ​ផែនដី»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ យ៉ូប​នៅ​តែ​ទៀង​ត្រង់​ជានិច្ច អ្នក​ចង់​ឲ្យ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផល»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។ សូម​ព្រះអង្គ​ធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ព្រះអង្គ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។ ពេល​នោះ មារ​សាតាំង​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ ហើយ​ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ លោក​យ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។ ភរិយា​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ដូច្នេះ ដល់​កាល​ណា​ទៀត សូម​ដាក់​បណ្ដាសា​ព្រះ‌ជាម្ចាស់ ហើយ​ស្លាប់​ទៅ​ចុះ!»។ លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះ‌ជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះអង្គ​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សម្ដី​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ