យ៉ូហាន 9:1-25

យ៉ូហាន 9:1-25 គខប

ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ ព្រះអង្គ​ទត​ឃើញ​មនុស្ស​ម្នាក់​ខ្វាក់​តាំង​ពី​កំណើត។ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ បុរស​នេះ​កើត​មក​ខ្វាក់​ដូច្នេះ តើ​បណ្ដាល​មក​ពី​បាប​របស់​នរណា? បាប​របស់​គាត់​ផ្ទាល់ ឬ​បាប​របស់​ឪពុក​ម្ដាយ​គាត់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បង្ហាញ​កិច្ចការ​របស់​ព្រះអង្គ​នៅ​ក្នុង​គាត់។ យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ភ្លឺ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​នរណា​អាច​ធ្វើ​ការ​ឡើយ។ ពេល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។ កាល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​ទៅ​លើ​ដី ធ្វើ​ភក់​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម ចុះ»(ពាក្យ​“ស៊ីឡោម”​នេះ​មាន​ន័យ​ថា អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ)។ គាត់​ក៏​ចេញ​ទៅ​លុប​មុខ ពេល​ត្រឡប់​មក​វិញ គាត់​មើល​ឃើញ។ អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​សុំ​ទាន​កាល​ពី​មុន នាំ​គ្នា​ពោល​ថា៖ «បុរស​នេះ​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន​ទេ​តើ!»។ អ្នក​ខ្លះ​ពោល​ថា៖ «គាត់​មែន!»។ ខ្លះ​ទៀត​ថា៖ «មិន​មែន​ទេ អ្នក​នេះ​មាន​មុខ​ដូច​គាត់!»។ រីឯ​បុរស​នោះ​វិញ គាត់​ពោល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ!»។ គេ​ក៏​នាំ​គ្នា​សួរ​គាត់​ថា៖ «ម្ដេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»។ គាត់​ឆ្លើយ​ថា៖ «មាន​លោក​ម្នាក់​ឈ្មោះ​យេស៊ូ បាន​ធ្វើ​ភក់​យក​មក​លាប​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ!” ខ្ញុំ​ក៏​ទៅ​លុប​មុខ ហើយ​ខ្ញុំ​មើល​ឃើញ»។ គេ​សួរ​គាត់​ថា៖ «លោក​នោះ​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ!»។ គេ​នាំ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី*។ ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​ធ្វើ​ភក់ និង​ប្រោស​អ្នក​ខ្វាក់​ឲ្យ​ភ្លឺ​នោះ​ជា​ថ្ងៃ​សប្ប័ទ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​គ្នា​សួរ​ម្ដង​ទៀត អំពី​ហេតុ‌ការណ៍​ដែល​ធ្វើ​ឲ្យ​ភ្នែក​គាត់​ភ្លឺ។ គាត់​ឆ្លើយ​ថា៖ «លោក​បាន​យក​ភក់​ដាក់​ពី​លើ​ភ្នែក​ខ្ញុំ ខ្ញុំ​ទៅ​លុប​មុខ ហើយ​ក៏​មើល​ឃើញ»។ ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​គាត់​ពុំ​គោរព​ក្រឹត្យ‌វិន័យ*​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សម្គាល់​ដូច​ម្ដេច​បាន?»ពួក​គេ​ក៏​បាក់​បែក​គ្នា។ គេ​សួរ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ម្ដង​ទៀត​ថា៖ «ចុះ​អ្នក​វិញ តើ​អ្នក​ថា លោក​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្លឺ​នោះ​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «លោក​ពិត​ជា​ព្យាការី*​មែន!»។ ប៉ុន្តែ ជន‌ជាតិ​យូដា​នៅ​តែ​មិន​ជឿ​ថា កាល​ពី​មុន​បុរស​នេះ​ខ្វាក់ ហើយ​ឥឡូវ​បាន​មើល​ឃើញ​នោះ​ឡើយ ទាល់​តែ​ហៅ​ឪពុក​ម្ដាយ​គាត់​មក​សួរ​សិន។ គេ​សួរ​ទៅ​ឪពុក​ម្ដាយ​គាត់​ថា៖ «អ្នក​នេះ​ពិត​ជា​កូន​របស់​អ្នក​ដែល​អ្នក​ថា​ខ្វាក់​ពី​កំណើត​មែន​ឬ ចុះ​ឥឡូវ​ម្ដេច​ក៏​ភ្នែក​គាត់​ភ្លឺ?»។ ឪពុក​ម្ដាយ​គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​កូន​របស់​យើង​ខ្ញុំ​មែន ហើយ​កើត​មក​ខ្វាក់!។ ត្រង់​ឯ​ភ្នែក​វា​បាន​ភ្លឺ​ដោយ​ហេតុ​យ៉ាង​ណាៗ​នោះ យើង​ខ្ញុំ​មិន​ដឹង​ទេ ហើយ​នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​វា​ភ្លឺ​នោះ ក៏​យើង​មិន​ដឹង​ដែរ!។ សូម​អស់​លោក​សួរ​វា​ទៅ វា​ធំ​ហើយ វា​ឆ្លើយ​ខ្លួន​ឯង​បាន»។ ឪពុក​ម្ដាយ​គាត់​និយាយ​ដូច្នេះ​មក​ពី​ខ្លាច​ជន‌ជាតិ​យូដា ព្រោះ​ជន‌ជាតិ​យូដា​រួម​គំនិត​គ្នា បណ្ដេញ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រិស្ត* ចេញ​ពី​សាលា​ប្រជុំ*​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ពោល​ថា “វា​ធំ​ហើយ សូម​សួរ​វា​ទៅ!”។ ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ហៅ​បុរស​ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់! យើង​ដឹង​ថា អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។ បុរស​នោះ​តប​ថា៖ «លោក​នោះ​ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​ពី​មុន​ខ្ញុំ​ខ្វាក់ ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ