យ៉ូហាន 8:21-59

យ៉ូហាន 8:21-59 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន ។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​ឡើយ»។ ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។ អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំ ពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច»។ ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះអង្គ។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​លោក​អប្រាហាំ! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​លោក​គ្រូ​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​អំពើ​បាប។ ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។ ប្រសិន​បើ​ព្រះ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរី‌ភាព។ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​របស់​ខ្ញុំ​មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ព្រះ‌បិតា រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ គេ​ទូល​ព្រះអង្គ​ថា៖ «ឪពុក​របស់​យើង​គឺ​លោក​អប្រាហាំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​លោក​អប្រាហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​លោក​អប្រាហាំ​ធ្លាប់​ធ្វើ​នោះ​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌ជាម្ចាស់ លោក​អប្រាហាំ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់​គឺ​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ត​ឯង​ឡើយ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សា‌តាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​កើត​មក​ពី​ព្រះ‌ជាម្ចាស់ អ្នក​នោះ​តែង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។ ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «យើង​និយាយ​ថា លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គ្មាន​អារក្ស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ‌បង្អាប់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​មិន​រក​សិរី‌រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។ ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។ តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះអង្គ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេក‌អរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេក‌អរ​សប្បាយ»។ ជន‌ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហា‌សិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​លោក​អប្រាហាំ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត ​រួច​ស្រេច​ទៅ​ហើយ»។ ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ ប៉ុន្តែ ព្រះ‌យេស៊ូ​ភៀស​ព្រះអង្គ​ចេញ​ពី​ព្រះ‌វិហារ*​បាត់​ទៅ។