ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន ។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅឡើយ»។ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីនិស្ស័យលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីនិស្ស័យលោកីយ៍នេះឡើយ។ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំ ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ គេទូលសួរព្រះអង្គថា៖ «តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្តែ ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព”ដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើងគឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
អាន យ៉ូហាន 8
ស្ដាប់នូវ យ៉ូហាន 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 8:21-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ