យ៉ូហាន 6:1-7

យ៉ូហាន 6:1-7 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រាស។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះអង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះអង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស*។ ពេល​នោះ បុណ្យ​ចម្លង* ជា​បុណ្យ​របស់​ជន‌ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះអង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះអង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។ លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំប៉័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។