យ៉ូហាន 4:31-38

យ៉ូហាន 4:31-38 គខប

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ​គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​បាន​សម្រេច។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់‌កល្ប​ជានិច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា ស្រប​តាម​ពាក្យ​ចាស់​លោក​ថា: “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។