ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ ស្ត្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖ «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រិស្តហើយមើលទៅ!»។ អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ក្នុងពេលជាមួយគ្នានោះ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញពិសា!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឲ្យបានសម្រេច។ អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។ អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា ស្របតាមពាក្យចាស់លោកថា: “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។ ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។ ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ មានមនុស្សច្រើនជាងនោះទៅទៀតបានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។ ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសម្តែងក្នុងឱកាសពិធីបុណ្យចម្លង*នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។ កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោក ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យជាសះស្បើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ លោកក៏សួរអ្នកបម្រើឲ្យដឹងថា កូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា“កូនរបស់លោករស់ហើយ!”។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូលក៏ជឿលើព្រះអង្គដែរ។ នេះជាទីសម្គាល់លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។
អាន យ៉ូហាន 4
ស្ដាប់នូវ យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 4:27-54
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ