ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។ ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។ លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។ ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ» ។ មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។
អាន យ៉ូហាន 19
ស្ដាប់នូវ យ៉ូហាន 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 19:16-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ