ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី មានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ កាលពួកនាយកបូជាចារ្យ* និងកងរក្សាព្រះវិហារ*ឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់» ។ កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។ លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។ តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។ ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
អាន យ៉ូហាន 19
ស្ដាប់នូវ យ៉ូហាន 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 19:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ