កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស*។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។ ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះ គេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា «“អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ” »។ លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាលកុស។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។ ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផា ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ គឺលោកកៃផានេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។
អាន យ៉ូហាន 18
ស្ដាប់នូវ យ៉ូហាន 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 18:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ