យ៉ូហាន 14:15-25

យ៉ូហាន 14:15-25 គខប

«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌បិតា ហើយ​ព្រះអង្គ​ប្រទាន​ព្រះ​ដ៏​ជួយ​ការពារ ​មួយ​អង្គ​ទៀត ឲ្យ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ ព្រះអង្គ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះអង្គ​ទេ ព្រោះ​គេ​មើល​ព្រះអង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។ អ្នក​ណា​មាន​បទ‌បញ្ជា​របស់​ខ្ញុំ និង​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះ‌បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។ លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្កា‌រីយ៉ុត​ទេ) ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ។ ព្រះ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះ‌បិតា និង​ខ្ញុំ ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។ អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 14:15-25