យ៉ូហាន 13:6-17

យ៉ូហាន 13:6-17 គខប

ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ»។ លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះអង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​លាង​ជើង​ឲ្យ​គេ​រួច​ហើយ ព្រះអង្គ​ស្លៀក‌ពាក់​ឡើង​វិញ យាង​មក​តុ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះ‌គ្រូ និង​ព្រះ‌អម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 13:6-17