យ៉ូហាន 13:31-38

យ៉ូហាន 13:31-38 គខប

លុះ​យូដាស​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ហើយ​ព្រះ‌ជាម្ចាស់​ក៏​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស​ដែរ។ បើ​ព្រះ‌ជាម្ចាស់​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស ព្រះអង្គ​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស ក្នុង​ព្រះអង្គ​ផ្ទាល់​ដែរ! ហើយ​ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ម្នាល​កូន​ចៅ​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត។ អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន‌ជាតិ​យូដា​មក​ហើយ​ដែរ​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ឡើយ។ ខ្ញុំ​ឲ្យ​បទ‌បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស*​របស់​ខ្ញុំ​មែន»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​យាង​ទៅ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​ទេ ថ្ងៃ​ក្រោយ ទើប​អ្នក​ទៅ​បាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ទៀត​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​ឥឡូវ​នេះ? ទូលបង្គំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ខ្ញុំ​មែន! តែ​ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។