យ៉ូហាន 12:23-36

យ៉ូហាន 12:23-36 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។ «ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះ‌បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ ព្រះ‌បិតា​អើយ សម្តែង​សិរី‌រុងរឿង ​ព្រះ‌នាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សម្តែង​សិរី‌រុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​ជា​ថ្មី​ទៀត»។ បណ្ដា‌ជន​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌សូរសៀង ក៏​ពោល​ថា «សន្ធឹក​ផ្គរ‌លាន់» អ្នក​ខ្លះ​ទៀត​ពោល​ថា «មាន​ទេវតា*​និយាយ​មក​លោក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សំឡេង​នេះ​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា​មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។ រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។ បណ្ដា‌ជន​នាំ​គ្នា​ទូល‌អង្វរ​ព្រះអង្គ​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រិស្ត*​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ? តើ​នរណា​ជា​បុត្រ​មនុស្ស​នោះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែង‌លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ‌ធីតា​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។