យ៉ូហាន 12:20-50

យ៉ូហាន 12:20-50 គខប

ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។ គេ​ចូល​ទៅ​ជិត​លោក​ភីលីព ជា​អ្នក​ភូមិ​បេតសៃ‌ដា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។ លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។ «ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះ‌បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ ព្រះ‌បិតា​អើយ សម្តែង​សិរី‌រុងរឿង ​ព្រះ‌នាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សម្តែង​សិរី‌រុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​ជា​ថ្មី​ទៀត»។ បណ្ដា‌ជន​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌សូរសៀង ក៏​ពោល​ថា «សន្ធឹក​ផ្គរ‌លាន់» អ្នក​ខ្លះ​ទៀត​ពោល​ថា «មាន​ទេវតា*​និយាយ​មក​លោក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សំឡេង​នេះ​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា​មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។ រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។ បណ្ដា‌ជន​នាំ​គ្នា​ទូល‌អង្វរ​ព្រះអង្គ​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រិស្ត*​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ? តើ​នរណា​ជា​បុត្រ​មនុស្ស​នោះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែង‌លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ‌ធីតា​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។ ទោះ​បី​ព្រះ‌យេស៊ូ​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​ព្រះអង្គ​ដដែល គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?» ។ គេ​ពុំ​អាច​ជឿ​ឡើយ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទៀត​ថា៖ «ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង មិន​ឲ្យ​ភ្នែក​គេ​មើល​ឃើញ មិន​ឲ្យ​ប្រាជ្ញា​គេ​យល់ ហើយ​មិន​ឲ្យ​គេ​ងាក​មក​រក​យើង ក្រែង‌លោ​យើង​ប្រោស​គេ​ឲ្យ​ជា» ។ ព្យាការី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ​មក​ពី​លោក​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ ហើយ​លោក​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។ ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​ព្រះអង្គ​ដែរ ប៉ុន្តែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី* និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ* ដ្បិត​ពួក​គេ​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ជា​ជាង​ទទួល​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​ណា​ជឿ​លើ​ខ្ញុំ មិន​ត្រឹម​តែ​ជឿ​លើ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជឿ​លើ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ អ្នក​ណា​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត។ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រតិបត្តិ​តាម មិន​មែន​ខ្ញុំ​ទេ​ដែល​កាត់​ទោស​អ្នក​នោះ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​ខ្ញុំ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។ អ្នក​ណា​ផាត់​ខ្ញុំ​ចោល ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ‌ក្រម​កាត់​ទោស​រួច​ស្រេច​ទៅ​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នេះ​មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ទេ គឺ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​បង្គាប់​ខ្ញុំ​នូវ​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ និង​ថ្លែង។ ខ្ញុំ​ដឹង​ថា​បទ‌បញ្ជា​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដែរ»។

វីដេអូសម្រាប់ យ៉ូហាន 12:20-50