យ៉ូហាន 11:38-57

យ៉ូហាន 11:38-57 គខប

ព្រះ‌យេស៊ូ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់»។ គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​ទូល​ព្រះអង្គ​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ជឿ​ថា​ព្រះអង្គ​ពិត​ជា​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន»។ លុះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។ ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។ ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះអង្គ។ ប៉ុន្តែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី* រៀប​រាប់​នូវ​កិច្ចការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មក​ប្រជុំ ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះ‌វិហារ* និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​លោក​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ! តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូ​ត្រូវ​សោយ​ទិវង្គត ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​ព្រះ‌ជាម្ចាស់​ដែល​បែក‌ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជា‌ជន​តែ​មួយ។ តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​យាង​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះអង្គ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេប្រាអ៊ីម ហើយ​ព្រះអង្គ​ស្នាក់​នៅ​ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស*។ ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន​នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*។ គេ​រក​ព្រះ‌យេស៊ូ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រះ‌វិហារ*​ថា៖ «អ្នក​គិត​ដូច​ម្ដេច? លោក​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​ព្រះអង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ឲ្យ​គេ​ចាប់​ព្រះអង្គ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 11:38-57