យ៉ូហាន 11:1-32

យ៉ូហាន 11:1-32 គខប

នៅ​ភូមិ​បេតថា‌នី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់ ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។ នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។ នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ»។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សម្តែង​សិរី‌រុងរឿង​វិញ»។ ព្រះ‌យេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។ កាល​ព្រះអង្គ​ជ្រាប​ដំណឹង​ថា លោក​ឡាសារ​មាន​ជំងឺ ព្រះអង្គ​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​ធ្វើ​គុត​ព្រះអង្គ​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នក​នោះ​មុខ​តែ​ជំពប់​ជើង​ដួល​ជា​មិន​ខាន ព្រោះ​គេ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ទេ»។ ក្រោយ​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រសិន​បើ​គាត់​សម្រាន្ដ​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ តាម​ពិត ព្រះ‌យេស៊ូ​ចង់​មាន​ព្រះ‌បន្ទូល​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ ពួក​សិស្ស​ស្មាន​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា គាត់​សម្រាន្ដ​លក់​ធម្មតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ត ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។ ពេល​នោះ សិស្ស​ថូម៉ាស ហៅ​ឌីឌីម ពោល​ទៅ​សិស្ស​ឯ​ទៀត​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែរ!»។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ ព្រះអង្គ​ក៏​ជ្រាប​ថា គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​ហើយ។ ភូមិ​បេតថា‌នី​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។ កាល​នាង​ម៉ាថា​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​យាង​មក​ដល់ នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ រីឯ​នាង​ម៉ារី​វិញ នាង​អង្គុយ​នៅ​ក្នុង​ផ្ទះ។ នាង​ម៉ាថា​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។ ប៉ុន្តែ ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា បើ​លោក​សុំ​អ្វី​ពី​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​មិន​ខាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ នាង​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត ។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។ រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។ នាង​ម៉ាថា​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ខ្ញុំ​ម្ចាស់​ជឿ​ថា ព្រះអង្គ​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។ នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «ព្រះ‌គ្រូ​យាង​មក​ដល់​ហើយ ព្រះអង្គ​ហៅ​ប្អូន​ឯង»។ នាង​ម៉ារី​ឮ​ហើយ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​គាល់​ព្រះ‌យេស៊ូ​ជា​ប្រញាប់។ ពេល​នោះ ព្រះអង្គ​ពុំ​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ​ទេ គឺ​ព្រះអង្គ​គង់​នៅ​កន្លែង​ដែល​នាង​ម៉ាថា​ទៅ​ជួប។ ជន‌ជាតិ​យូដា ដែល​មក​ជួយ​រំលែក​ទុក្ខ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ម៉ារី ឃើញ​នាង​ស្ទុះ​ក្រោក​ឡើង ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ខាង​ក្រៅ​ដូច្នេះ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម ព្រោះ​គេ​ស្មាន​ថា​នាង​ទៅ​យំ​ឯ​ផ្នូរ។ លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ