ពេលនោះ ជារដូវរងា គេនាំគ្នាធ្វើបុណ្យរំឭកពិធីឆ្លងព្រះវិហារ* នៅក្រុងយេរូសាឡឹម។ ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។ ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គ ទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ត*មែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព*បញ្ជាក់អំពីខ្ញុំស្រាប់។ ប៉ុន្តែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។ ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ព្រះអង្គមានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាឡើយ។ ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។ ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។ ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងវិន័យ*របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ ។ យើងមិនអាចលុបបំបាត់គម្ពីរឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ” ដូច្នេះ ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថាខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំឲ្យវិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។ ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។ ប៉ុន្តែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។ គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្តែ ព្រះអង្គគេចផុតពីគេទៅ។ ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹក*ឲ្យបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។ មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ មនុស្សជាច្រើននៅទីនោះ បានជឿលើព្រះយេស៊ូ។
អាន យ៉ូហាន 10
ស្ដាប់នូវ យ៉ូហាន 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 10:22-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ