យ៉ូហាន 10:1-21

យ៉ូហាន 10:1-21 គខប

«ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ផ្លោះ​ចូល​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច​ចោរ​ប្លន់។ រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ពិត​ជា​គង្វាល​របស់​ចៀម។ ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​គាត់​ចូល ហើយ​ចៀម​ទាំង​ប៉ុន្មាន​ស្ដាប់​សំឡេង​គាត់។ គាត់​ហៅ​ចៀម​ផ្ទាល់​របស់​គាត់​តាម​ឈ្មោះ​របស់​វា​រៀងៗ​ខ្លួន រួច​នាំ​ចេញ​ទៅ​ខាង​ក្រៅ។ លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពី‌ព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។ ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ឡើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។ អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ​ថែម​ទៀត​ផង។ ចោរ​វា​មក គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ហើយ​ឲ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។ «ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។ រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កម្ចាត់‌កម្ចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន​មែន​ជា​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។ អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ឲ្យ​បាន​ជីវិត​នោះ​មក​វិញ។ គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ‌បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌បិតា​មក»។ ព្រះ‌បន្ទូល​ទាំង​នេះ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​បាក់​បែក​គ្នា​ម្ដង​ទៀត។ មាន​គ្នា​គេ​ជា​ច្រើន​ពោល​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល! គាត់​វង្វេង​ស្មារតី​ហើយ! ស្ដាប់​គាត់​ធ្វើ​អ្វី?»។ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ដែល​មាន​អារក្ស​ចូល​ទេ! តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ភ្លឺ​កើត​ឬ?»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 10:1-21