«ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឲ្យគេស្ដាប់ ប៉ុន្តែ គេពុំបានយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មានសុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។ ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌»។ «ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ រីឯអ្នកស៊ីឈ្នួលវិញ កាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឲ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។ ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។ ព្រះបន្ទូលទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។
អាន យ៉ូហាន 10
ស្ដាប់នូវ យ៉ូហាន 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 10:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ