យ៉ូហាន 1:43-50

យ៉ូហាន 1:43-50 គខប

លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ជួប​លោក​ភីលីព ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​ភីលីព​ជា​អ្នក​ភូមិ​បេតសៃ‌ដា​ដូច​លោក​អនទ្រេ និង​លោក​ពេត្រុស​ដែរ។ លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «ព្រះអង្គ​ដែល​លោក​ម៉ូសេ​បាន​ចារ​ទុក​ក្នុង​គម្ពីរ‌វិន័យ ហើយ​គម្ពីរ​ព្យាការី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ យើង​បាន​ជួប​ហើយ ព្រះអង្គ​មាន​នាម​ថា យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​បុត្រ​របស់​លោក​យ៉ូសែប»។ លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ​អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​ឡើយ»។ លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ កាល​ព្រះ‌យេស៊ូ​ទត​ឃើញ​លោក​ណា‌ថា‌ណែល​ដើរ​មក​រក​ព្រះអង្គ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រា‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត‌ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។ លោក​ណា‌ថា‌ណែល​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ លោក​ណា‌ថា‌ណែល​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះអង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ* ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។