ជនជាតិយូដាចាត់ពួកបូជាចារ្យ* និងពួកលេវី* ពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត*ទេ»។ ពួកគេសួរលោកថា៖ «ដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីយ៉ាឬ?» ។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី*ដែលយើងរង់ចាំ នោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឲ្យមក តើលោកថាខ្លួនលោកជានរណា!»។ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន*ថា: “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឲ្យមកនោះជាពួកខាងគណៈផារីស៊ី*។ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ត មិនមែនជាព្យាការីអេលីយ៉ា ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក*ដូច្នេះ?»។ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។ នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។ លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ* ដូចសត្វព្រាប មកសណ្ឋិតលើលោក។ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*”។ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
អាន យ៉ូហាន 1
ស្ដាប់នូវ យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 1:19-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ