យេរេមា 51
51
1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងនឹងធ្វើឲ្យខ្យល់ព្យុះ
បក់បោកបំផ្លាញក្រុងបាប៊ីឡូន
និងប្រជាជននៅក្រុងនោះ។
2យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន
ដូចគេរែងអង្ករ។
អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក
ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន
នៅថ្ងៃដ៏សែនវេទនានោះ។
3កុំត្រាប្រណីទាហានបាញ់ព្រួញ
និងអ្នកពាក់អាវក្រោះ ដែលពើងទ្រូង!
កុំត្រាប្រណីយុវជនរបស់ពួកគេ!
ចូរបំផ្លាញកងទ័ពទាំងមូលរបស់ពួកគេ
ចោលទៅ!»។
4ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ
អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ
ក្នុងក្រុងបាប៊ីឡូន
5ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។
ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ
របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា
ទ្រង់មិនបោះបង់ចោលប្រជារាស្ត្រ
របស់ព្រះអង្គឡើយ។
6ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ!
ម្នាក់ៗរត់ប្រាសអាយុ!
មិនគួរទុកឲ្យខ្លួនវិនាសសូន្យ
ព្រោះតែកំហុសរបស់ក្រុងនេះឡើយ!
ដ្បិតពេលនេះជាពេលដែលព្រះអម្ចាស់សងសឹក
ព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញ
តាមអំពើដែលពួកគេបានប្រព្រឹត្ត!
7 ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង
ព្រះហស្ដរបស់ព្រះអម្ចាស់
ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង
ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ
ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
8រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ
ហើយបាក់បែកខ្ទេចខ្ទីអស់!
ចូរនាំគ្នាយំស្រណោះក្រុងនេះ
ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា
ប្រហែលជាវាអាចជាឡើងវិញបាន។
9 ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរ
តែវាពុំអាចជាសះស្បើយបានទេ។
ដូច្នេះ ចូរបោះបង់ចោលក្រុងនេះ
ហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញ
ដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាង
ផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
10 ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។
មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូន
អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ជាព្រះនៃយើង។
11ចូរសម្រួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់
ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូន
ហេតុនេះបានជាព្រះអង្គជំរុញ
ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ
ដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូន
ព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
12ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូន
ចូរបន្ថែមកងយាមល្បាត
ចូរដាក់អ្នកយាមឲ្យឃ្លាំមើល
ចូរបង្កប់ទាហានចាំវាយឆ្មក់
ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការ
ដែលព្រះអង្គមានព្រះបន្ទូលប្រឆាំង
នឹងអ្នកក្រុងបាប៊ីឡូន។
13 អ្នករស់នៅតាមមាត់ទន្លេ
ហើយមានទ្រព្យសម្បត្តិដ៏ច្រើន
អ្នកមានចិត្តលោភលន់
តែចុងបញ្ចប់របស់អ្នកមកដល់ហើយ!
14 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖
«យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប
មកវាយលុកអ្នក
ពួកគេស្រែកយកជ័យជម្នះលើអ្នក»។
15 ព្រះអម្ចាស់បានសូនផែនដី
ដោយឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក
ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ
ដោយព្រះតម្រិះរបស់ព្រះអង្គ។
16ពេលព្រះអង្គបន្លឺព្រះសូរសៀង
ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ
ពពករសាត់មកពីជើងមេឃ
ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក
ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
17ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ
មនុស្សទាំងអស់បែរជាងឿងឆ្ងល់
លែងយល់អ្វីសោះ
ជាងមាសបែរជាខ្មាសខ្លួនឯង
ដោយបានឆ្លាក់រូបព្រះឥតបានការទាំងនោះ
ដែលគ្មានវិញ្ញាណ។
18ព្រះទាំងនោះឥតបានការអ្វីសោះ
ជារបស់គួរឲ្យមើលងាយ
ដែលនឹងត្រូវវិនាសសូន្យ
នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
19រីឯព្រះរបស់លោកយ៉ាកុបវិញ មិនដូច្នោះទេ
គឺព្រះអង្គបានបង្កើតអ្វីៗទាំងអស់
ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល
ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ
ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
ចុងបញ្ចប់នៃអាណាចក្របាប៊ីឡូន
20«បាប៊ីឡូនអើយ
កាលពីមុន អ្នកប្រៀបបាននឹងញញួរ
ជាគ្រឿងសស្ត្រាវុធ
យើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានា
និងកម្ទេចនគរទាំងឡាយ។
21យើងបានប្រើអ្នកសម្រាប់កម្ទេចសេះ
និងទាហានដែលជិះនៅលើវា
យើងបានប្រើអ្នក សម្រាប់កម្ទេច
រទេះចម្បាំង និងអ្នកបរវា។
22យើងបានប្រើអ្នក
សម្រាប់ប្រហារមនុស្សប្រុសស្រី
យើងបានប្រើអ្នក
សម្រាប់ប្រហារចាស់ៗ និងក្មេងៗ
យើងបានប្រើអ្នក
សម្រាប់ប្រហារយុវជនយុវនារី
23យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាល
និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក
សម្រាប់ប្រហារអ្នកភ្ជួរស្រែ
និងគោដែលគេទឹម
យើងបានប្រើអ្នក
សម្រាប់ប្រហារចៅហ្វាយខេត្ត
និងទេសាភិបាល។
24យើងនឹងសងទៅក្រុងបាប៊ីឡូន
និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ
ឃោរឃៅដែលគេបានប្រព្រឹត្ត
ចំពោះក្រុងស៊ីយ៉ូន
ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក
អ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេច
ផែនដីទាំងមូល
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងលើកដៃប្រហារអ្នក
យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ
ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
26គេនឹងលែងយកថ្មគ្រឹះដ៏មានតម្លៃ
ឬថ្មសម្រាប់ធ្វើជាសសរ
ចេញពីអ្នកទៀតឡើយ
ដ្បិតអ្នកត្រូវវិនាសហិនហោចរហូតតទៅ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
27ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ!
ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ!
ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ!
ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត
មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ!
ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព
ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
28ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ
ដោយរួមជាមួយស្ដេចស្រុកមេឌី
ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល
និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
29ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល
ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន
តាមគម្រោងការរបស់ព្រះអង្គ
គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន
គ្មានមនុស្សរស់នៅ។
30ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន
ឈប់ច្បាំង ហើយសម្ងំនៅក្នុងបន្ទាយ។
ពួកគេបាត់បង់សេចក្ដីក្លាហាន
ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។
ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ
ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
31អ្នករត់នាំគ្នារត់បណ្ដាក់គ្នា
អ្នកនាំសារក៏នាំដំណឹងតៗគ្នា
ដើម្បីទៅទូលស្ដេចស្រុកបាប៊ីឡូនថា:
សត្រូវវាយយកបានទីក្រុង
ពីជាយម្ខាង ទៅជាយម្ខាងទៀត។
32សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយ
ព្រមទាំងដុតកម្ទេចបន្ទាយផង
ទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
33 ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់
ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖
«ក្រុងបាប៊ីឡូនប្រៀបបាននឹងលានបោកស្រូវ
នៅតែបន្តិចទៀត ដល់ពេលគេច្រូតកាត់
ក្រុងនេះហើយ!»។
34ក្រុងស៊ីយ៉ូនពោលថា:
នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន
បានលេប និងកម្ទេចខ្ញុំ
ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ
ស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ
ស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ
រួចខ្ជាក់ខ្ញុំចោល។
35អ្នកក្រុងស៊ីយ៉ូនពោលថា
សូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅ
ដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។
អ្នកក្រុងយេរូសាឡឹមពោលថា
សូមឲ្យពួកខាល់ដេទទួលទោស
ព្រោះតែបានបង្ហូរឈាមខ្ញុំ។
36ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល
មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖
«យើងនឹងរកយុត្តិធម៌ឲ្យអ្នក
យើងនឹងសងសឹកជំនួសអ្នក
យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន
ហួតហែងរហូតដល់ប្រភពទឹករបស់វា។
37ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ
ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ
ស្រឡាំងកាំង និងព្រឺសម្បុរ
ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
38ជនជាតិបាប៊ីឡូននាំគ្នាគ្រហឹមដូចកូនសិង្ហ
និងដូចសិង្ហស្ទាវ
39ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយ
យើងនឹងរៀបចំជប់លៀងឲ្យពួកគេ
យើងនឹងបង្អកពួកគេឲ្យស្រវឹង
ទាល់តែលេលា
ហើយដេកលក់រហូត លែងភ្ញាក់ទៀត
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
40យើងនឹងនាំពួកគេទៅទីសត្តឃាត
ដូចពពែ និងចៀម។
41ម្ដេចក៏ក្រុងសេសាក
ដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើង
ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!
ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន
ក្នុងចំណោមប្រជាជាតិនានាបែបនេះ!
42សមុទ្រជន់លិចស្រុកបាប៊ីឡូន
ហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!
43ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន
ត្រូវវិនាសអន្តរាយ
ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ
ជាស្រុកដែលគ្មាននរណារស់នៅ
ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
44យើងនឹងដាក់ទោសបាល
ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន
អ្វីៗដែលវាលេបចូលទៅនោះ
យើងនឹងទាញចេញមកវិញ
ប្រជាជាតិទាំងឡាយលែងលើកគ្នា
ទៅរកព្រះនោះទៀតហើយ
រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
45ប្រជារាស្ត្ររបស់យើងអើយ
ចូរនាំគ្នារត់ចេញពីបាប៊ីឡូន
ម្នាក់ៗត្រូវរត់ប្រាសអាយុ
គេចឲ្យផុតពីកំហឹងរបស់យើង
ចំពោះក្រុងនេះ។
46មិនត្រូវបាក់ទឹកចិត្ត ហើយភ័យខ្លាច
ដោយឮពាក្យចចាមអារ៉ាមដែលគេនិយាយ
ក្នុងស្រុកនោះឡើយ!
ដ្បិតឆ្នាំនេះមានឮពាក្យចចាមអារ៉ាមមួយ
ឆ្នាំក្រោយមានឮពាក្យចចាមអារ៉ាមមួយទៀត
អំពើហិង្សានឹងកើតមាននៅក្នុងស្រុក
ហើយអ្នកកាន់អំណាចផ្ដាច់ការនឹងដណ្ដើម
អំណាចតៗគ្នា។
47ហេតុនេះ នៅគ្រាខាងមុខ
យើងនឹងដាក់ទោសព្រះក្លែងក្លាយ
របស់ស្រុកបាប៊ីឡូន
ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់
ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ
ពាសពេញក្នុងទីក្រុង។
48 អ្វីៗនៅលើមេឃ និងនៅលើផែនដី
នឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
ដោយបាប៊ីឡូនរលំ
ដ្បិតមានសត្រូវពីទិសខាងជើង
មកបំផ្លាញក្រុងនេះ!»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
49 បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន
នៅលើផែនដីទាំងមូលបាត់បង់ជីវិត
ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ
ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។
50អស់អ្នកដែលគេចផុតពីមុខដាវអើយ
ចូររត់ទៅចុះ កុំឈប់ឲ្យសោះ
ចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយ
ហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច!
51ពួកយើងធ្លាប់អាម៉ាស់
នៅពេលឮខ្មាំងសត្រូវជេរប្រមាថ
ពួកយើងបានបាក់មុខ
នៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈ
នៃព្រះដំណាក់របស់ព្រះអម្ចាស់។
52«ហេតុនេះហើយបានជានៅគ្រាខាងមុខ
យើងនឹងដាក់ទោសព្រះក្លែងក្លាយ
របស់ជនជាតិបាប៊ីឡូន
ហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
53ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ
ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដី
ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក
ប្រហារក្រុងនេះដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
54មានសម្រែកលាន់ឮឡើងពីក្រុងបាប៊ីឡូន
ហើយសំឡេងមហន្តរាយលាន់ឮឡើង
ពីស្រុកខាល់ដេ
55ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូន
ព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះ
ប្រែទៅជាស្ងាត់ជ្រងំ
កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ
នាំគ្នាវាយលុកក្រុងនេះដោយសម្រែក
ទ្រហឹងអឺងអាប់។
56ពិតមែនហើយ មេបំផ្លាញមកវាយលុក
ក្រុងបាប៊ីឡូន
ទាហានដ៏អង់អាចរបស់ក្រុងនេះ
ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង
ធ្នូរបស់ពួកគេត្រូវបាក់។
ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្ស
តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
57«យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។ 58ព្រះអម្ចាស់នៃពិភព
ទាំងមូលមានព្រះបន្ទូលថា៖
«កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន
បាក់បែករហូតដល់គ្រឹះ
ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់
គឺស្នាដៃដែលប្រជាជនទាំងឡាយ
បានធ្វើក្លាយជាអសារបង់
អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ
ក្លាយទៅជាចំណីភ្លើង»។
59នេះជាសេចក្ដីដែលព្យាការីយេរេមាបង្គាប់ដល់លោកសេរ៉ាយ៉ា ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅពេលដែលគាត់ទៅស្រុកបាប៊ីឡូន ជាមួយព្រះបាទសេដេគា នៅឆ្នាំទីបួន ក្នុងរជ្ជកាលរបស់ស្ដេចនេះ។ កាលនោះ លោកសេរ៉ាយ៉ាមានមុខតំណែងជាមេលើពួកមហាតលិក។ 60លោកយេរេមាសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺព្រះបន្ទូលទាំងអស់ស្ដីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។ 61លោកយេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ 62រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។ 63 ពេលលោកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។ 64បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។
ពាក្យរបស់លោកយេរេមាចប់តែត្រឹមណេះ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 51: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.