យេរេមា 4:19-22

យេរេមា 4:19-22 គខប

ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្ត​ខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ ចិត្ត​ខ្ញុំ​អន្ទះ‌សា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយ ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ និង​សម្រែក​ប្រកាស​ប្រយុទ្ធ។ ខ្មាំង​បំផ្លាញ​ក្រុង​ទាំង‌ឡាយ​បន្ត​បន្ទាប់​គ្នា ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ ផ្ទះ​សំបែង និង​ទី​ជម្រក​របស់​ខ្ញុំ ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ តើ​ខ្ញុំ​ត្រូវ​ឃើញ​ទង់​សង្គ្រាម​នេះ​ដល់​កាល​ណា? តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ត្រែ​ដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។