ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ៊ីស្រាអែលអើយ ប្រសិនបើអ្នកចង់វិលមកវិញ ចូរវិលមករកយើងចុះ! ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើម ចេញពីមុខយើង នោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅ ទៀតហើយ។ ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នា នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់ ចូរប្រគល់ចិត្តគំនិតមកយើង! បើមិនដូច្នេះទេ កំហឹងរបស់យើងនឹងឆេះរាលដាល ព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត កំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បានឡើយ»។ «ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដា ចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹម ចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុក ហើយស្រែកឲ្យអស់ទំហឹងថា: “ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុង ក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!” ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ សត្វតោលោតចេញពីរូងរបស់វាហើយ មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ ពីកន្លែងរបស់ខ្លួន ដើម្បីកម្ទេចស្រុករបស់អ្នក ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ លែងមានប្រជាជនរស់នៅទៀតហើយ។ ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូរគក់ទ្រូងយំសោកសង្រេង ដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធ ដ៏ខ្លាំងក្លាចេញពីយើងឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា នៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្ត ក្រុមបូជាចារ្យនឹងតក់ស្លុត ក្រុមព្យាការីនឹងស្រឡាំងកាំង។ គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ! ព្រះអង្គបានបញ្ឆោតទាំងប្រជាជន ទាំងក្រុងយេរូសាឡឹម គឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្ត ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ ភ្ជង់ករបស់យើងទៅវិញ!”»។ នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា: «មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន មកលើប្រជាជនរបស់យើង។ ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ គឺជាខ្យល់កំបុតត្បូងដែលបក់បោក តាមបញ្ជារបស់យើង។ ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោស ពួកគេហើយ»។ មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត រទេះចម្បាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។ យើងខ្ញុំត្រូវវេទនាហើយ យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត? ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់ និងតំបន់ភ្នំអេប្រាអ៊ីម ស្ដីអំពីមហន្តរាយដែលនឹងកើតមាន។ ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ ចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថា ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ ពួកគេស្រែកហ៊ោ ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។ ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹម ដូចអ្នកយាមនៅជុំវិញចម្ការមួយ ព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុការណ៍ដែលកើតមានដល់អ្នក ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់ រហូតដល់ជម្រៅចិត្ត»។
អាន យេរេមា 4
ស្ដាប់នូវ យេរេមា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 4:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ