យេរេមា 31:31-34

យេរេមា 31:31-34 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ថ្មី​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។ សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។ សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បងប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌ឱន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។