យេរេមា 22:1-17

យេរេមា 22:1-17 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: បពិត្រ​ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជា‌ជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះ‌ករុណា និង​អស់​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្ដេច​ទាំង‌ឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្ដេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជា‌ជន​ត​ទៅ​មុខ​ទៀត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​យើង​ចាត់​ទុក​វាំង​របស់​ស្ដេច​ស្រុក​យូដា ថា​ស្អាត​ដូច​ព្រៃ​នៅ​ស្រុក​កាឡាដ និង​ដូច​កំពូល​ភ្នំ​លីបង់​ក៏​ដោយ យើង​នឹង​ធ្វើ​ឲ្យ​វាំង​នេះ​ក្លាយ​ទៅ​ជា វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​នរណា​រស់​នៅ។ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​បំផ្លាញ​វាំង​នេះ គេ​នឹង​កាប់​សសរ​ដែល​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ បោះ​ទៅ​ក្នុង​ភ្លើង។ ប្រជា‌ជាតិ​ជា​ច្រើន​ដែល​នឹង​ដើរ​ជិត​ទីក្រុង មុខ​ជា​សួរ​គ្នា​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ដាក់​ទោស​ទីក្រុង​ដ៏​ធំ​នេះ​ដូច្នេះ?” គេ​នឹង​ឆ្លើយ​ថា “មក​ពី​អ្នក​ក្រុង​ផ្ដាច់ សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​បែរ​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ដទៃ”»។ កុំ​យំ​ស្រណោះ​ស្ដេច​យ៉ូសៀស ដែល​សោយ​ទិវង្គត​ទៅ​នោះ​ឡើយ កុំ​កាន់​ទុក្ខ​អាឡោះ‌អាល័យ​ស្ដេច​ទៀត ផ្ទុយ​ទៅ​វិញ ចូរ​យំ​ស្រណោះ​ស្ដេច​សាលូម ដែល​នឹង​ចាក​ចេញ​ទៅ ដ្បិត​ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ ហើយ​ទ្រង់​ក៏​នឹង​មិន​ឃើញ​ស្រុក​កំណើត ទៀត​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ថា ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ ទ្រង់​នឹង​សុគត​នៅ​ក្នុង​ស្រុក​ដែល ទ្រង់​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ដោយ​ឥត​បាន​ឃើញ​ស្រុក​នេះ​វិញ​ឡើយ។ «យេហូ‌យ៉ាគីម​អើយ អ្នក​នឹង​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​អ្នក​សង់​វាំង តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត អ្នក​សង់​បន្ទប់​នៅ​ជាន់​ខាង​លើ តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិធម៌ អ្នក​ប្រើ​ប្រជា‌រាស្ត្រ​ឲ្យ​ធ្វើ​ការ តែ​មិន​ឲ្យ​ប្រាក់​ឈ្នួល​ទេ។ អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយ ដ៏​ស្កឹម‌ស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សម្រាប់​យើង”។ អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃ ហើយ​លាប​ពណ៌​ក្រហម។ តើ​អ្នក​ចង់​ពង្រឹង​រាជ​សម្បត្តិ ដោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ​នេះ​ឬ? បិតា​របស់​អ្នក​ធ្លាប់​បរិភោគ​បាយ​ទឹក ដូច​អ្នក​ឯ​ទៀតៗ​ដែរ តែ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ហេតុ​នេះ​ហើយ​បាន​ជា​បិតា​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ បិតា​របស់​អ្នក​រក​យុត្តិធម៌​ឲ្យ​ជន​ទុគ៌ត និង​ជន​ក្រីក្រ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​ទេស មាន​សេចក្ដី​សុខ‌សាន្ត។ ដ្បិត​អ្នក​ដែល​ស្គាល់​យើង​តែងតែ​ប្រព្រឹត្ត​ដូច្នេះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។ រីឯ​អ្នក​វិញ អ្នក​គិត​តែ​ពី​ស្វែង​រក ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ្នក​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ និង​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​យ៉ាង​ព្រៃ‌ផ្សៃ»។