ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: បពិត្រព្រះមហាក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមព្រះករុណា និងអស់លោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដា ថាស្អាតដូចព្រៃនៅស្រុកកាឡាដ និងដូចកំពូលភ្នំលីបង់ក៏ដោយ យើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជា វាលរហោស្ថាន ជាកន្លែងដែលគ្មាននរណារស់នៅ។ យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។ ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង មុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់ ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?” គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះដទៃ”»។ កុំយំស្រណោះស្ដេចយ៉ូសៀស ដែលសោយទិវង្គតទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយ ហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅថា ទ្រង់នឹងមិនវិលត្រឡប់មកវិញទេ ទ្រង់នឹងសុគតនៅក្នុងស្រុកដែល ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។ «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។ អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។ តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។ បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
អាន យេរេមា 22
ស្ដាប់នូវ យេរេមា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 22:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ