យេរេមា 2:1-25

យេរេមា 2:1-25 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀបការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​ជន‌ជាតិ អ៊ីស្រា‌អែល​ទុក​សម្រាប់​ព្រះអង្គ ជា​ផល​ផ្លែ​ដំបូង​របស់​ព្រះអង្គ អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ ដូច្នេះដែរ? ពួក​គេ​មិន​បាន​សួរ​ថា តើ​ព្រះ‌អម្ចាស់​នៅ​ឯ​ណា? គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី ស្រុក​អេស៊ីប ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថាន ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង ជា​វាល​ហួត‌ហែង ជា​ទី​ស្មសាន ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់ គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុក ដែល​មាន​ដំណាំ​ដាំ​ដុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ផ្លែ​ឈើ​ដែល​មាន​រស‌ជាតិ។ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​របស់​យើង ទៅ​ជា​សៅហ្មង អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​មត៌ក របស់​យើង​ក្លាយ​ជា​កន្លែង​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា “ព្រះ‌អម្ចាស់​នៅ​ឯ​ណា?” គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។ មេ​ដឹក​នាំ​របស់​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយ ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដី នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាល ហើយ​សង្កេត​មើល​ចុះ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ស្រុក​កេដារ ហើយ​ស៊ើប‌សួរ​ឲ្យ​បាន​ហ្មត់‌ចត់​ថា តើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូច អ្នក​រាល់​គ្នា​ឬ​ទេ? តើ​មាន​ប្រជា‌ជាតិ​ណា​មួយ​ផ្លាស់​ប្ដូរ ព្រះ​របស់​ខ្លួន​ឬ​ទេ? (តាម​ពិត ព្រះ​ទាំង​នោះ ពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។ រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរ ព្រះ​ដែល​ផ្ដល់​ឲ្យ​គេ​មាន​សិរី‌រុងរឿង ហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែល ឥត​បាន​ការ​ទៅ​វិញ។ ផ្ទៃ​មេឃ​អើយ! ចូរ​តក់‌ស្លុត ចូរ​ញាប់‌ញ័រ ហើយ​ស្រឡាំង‌កាំង​ទៅ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាង គឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរ បែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះ មិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។ តើ​អ៊ីស្រា‌អែល​ជា​ទាសករ​ដែល​គេ​ទិញ​មក ឬ​ជា​ទាសករ​ដែល​កើត​ក្នុង​ផ្ទះ បាន​ជា​សាសន៍​ដទៃ​នាំ​គ្នា​វាយ​ដណ្ដើម ពួក​គេ​ដូច្នេះ? ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រា‌អែល​ដូច​សិង្ហ​គ្រហឹម ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក ឲ្យ​វិនាស​ហិន‌ហោច ពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយ ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។ សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាហា‌ពេនេស ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែល នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។ អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​ដឹក​នាំ​អ្នក។ ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ? ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ អ្នក​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។ អ្នក​បាន​ពោល​ថា: “ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។ អ្នក​បាន​ផិត​ក្បត់​យើង ទៅ​ថ្វាយ‌បង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង ទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត គឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា ដើម​ទំពាំង‌បាយជូរ​ក្លាយ ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ? ទោះ​បី​អ្នក​យក​មេ​សាប៊ូ​ដ៏​ច្រើន មក​លាង​សម្អាត និង​ជម្រះ​ខ្លួន​ក្ដី ក៏​កំហុស​របស់​អ្នក​នៅ​ជាប់​ដូច​ក្អែល​កាន់ ចំពោះ​មុខ​យើង​ជានិច្ច - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពោល​ថា: “ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​ទេ ខ្ញុំ​ក៏​មិន​បាន​រត់​តាម​ព្រះ​បាល​ដែរ”។ មើល​ចុះ ដាន​ជើង​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំ ចូរ​ទទួល​ស្គាល់​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អ្នក​ប្រៀប​បាន​នឹង​អូដ្ឋ​ញី​ដែល​រត់​ឆ្វេច‌ឆ្វាច។ អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃ ដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ត្រូវ​តណ្ហា​ជំរុញ​ឲ្យ​រត់​ទៅ​គ្រប់​ទី​កន្លែង គ្មាន​នរណា​អាច​ទប់​បាន​ឡើយ។ លា​ឈ្មោល​ដែល​ចង់​បាន​វា មិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោល លា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។ យើង​បាន​ប្រាប់​អ្នក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន បើ​ប្រឹង​រត់​ដូច្នេះ ក្រែង​មុត​ជើង ហើយ​ស្ងួត​បំពង់​ក! ប៉ុន្តែ អ្នក​តប​វិញ​ថា “មិន​បាច់​ហាម‌ប្រាម​ខ្ញុំ​ទេ ខ្ញុំ​ស្រឡាញ់​ព្រះ​ឯ​ទៀតៗ ហើយ​ខ្ញុំ​ត្រូវ​តែ​រត់​ទៅ​តាម​ព្រះ​ទាំង​នោះ”។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យេរេមា 2:1-25