យេរេមា 17
17
ព្រះអម្ចាស់ប្រកាសអំពើបាបរបស់ជនជាតិយូដា
1«អំពើបាបរបស់ជនជាតិយូដា
មានចារឹកទុកដូចអក្សរចារឹក
លើថ្ម ដោយដែកដែលមានត្បូងពេជ្រ
នៅខាងចុង។
អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ
និងនៅលើជ្រុងអាសនៈរបស់ពួកគេ។
2ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ
អាសនៈរបស់ពួកគេ
ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា
នៅក្បែរដើមឈើដ៏ខៀវខ្ចី
ដែលស្ថិតនៅលើកំពូលភ្នំ។
3ជនជាតិយូដាអើយ ដោយអ្នកចូលចិត្ត
គោរពព្រះក្លែងក្លាយ នៅលើភ្នំរបស់យើង
យើងនឹងឲ្យខ្មាំងសត្រូវរឹបអូសយក
ទ្រព្យសម្បត្តិ និងធនធានទាំងប៉ុន្មានរបស់អ្នក
ពួកគេនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នក
ដែលស្ថិតនៅតាមទួលខ្ពស់ៗ
ព្រោះអ្នកបានប្រព្រឹត្តអំពីបាប
នៅពាសពេញលើទឹកដីនេះ។
4អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក
ឲ្យអ្នក ទៅសាសន៍ដទៃ។
យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ
របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង
ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។
5 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា
ជនណាផ្ញើជីវិតលើមនុស្ស
ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍
ដោយបែរចិត្តចេញពីព្រះអម្ចាស់
ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
6គេប្រៀបបាននឹងដើមឈើក្រិន
នៅតាមព្រៃល្បោះ
គេពុំអាចជួបនឹងសុភមង្គលឡើយ។
គេរស់នៅតាមកន្លែងក្ដៅហួតហែង
ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ
និងគ្មានមនុស្សនៅ។
7រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់
និងយកព្រះអង្គធ្វើជាបង្អែក
ពិតជាទទួលព្រះពរមិនខាន!
8 អ្នកនោះប្រៀបបាននឹងដើមឈើ
ដុះនៅក្បែរផ្លូវទឹក
ដែលមានឫសចាក់ទៅរកទឹកហូរ
វាមិនខ្លាចកម្ដៅ
ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។
នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ
គឺវានៅតែបង្កើតផ្លែផ្កាដដែល។
9ចិត្តរបស់មនុស្សតែងតែវៀចវេរ
មិនអាចកែតម្រង់បានឡើយ
ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
10 ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស
យើងមើលធ្លុះអាថ៌កំបាំងរបស់គេ
ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ
តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើ
ដែលខ្លួនបានប្រព្រឹត្ត។
11អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌
ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។
នៅពេលពាក់កណ្ដាលអាយុ
ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ
ហើយនៅទីបញ្ចប់
គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
12ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿង
តាំងពីដើមដំបូងរៀងមក។
13ឱព្រះអម្ចាស់អើយ
ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល!
អស់អ្នកដែលបោះបង់ចោលព្រះអង្គ
នឹងត្រូវអាម៉ាស់
អស់អ្នកដែលងាកចេញពីព្រះអង្គ
នឹងត្រូវវិនាសទៅជាធូលីដី
ដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់
ដែលជាប្រភពទឹកផ្ដល់ជីវិត។
លោកយេរេមាទូលសូមព្រះអម្ចាស់ជួយ
14ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា
នោះទូលបង្គំនឹងបានជា
សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត
ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ
ទូលបង្គំសរសើរតម្កើងព្រះអង្គ!
15ពួកគេពោលមកទូលបង្គំថា:
“តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណា
ចូរឲ្យព្រះបន្ទូលនោះសម្រេចជារូបរាងចុះ!”
16ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូម
ព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។
ព្រះអង្គជ្រាបស្រាប់ហើយថា
ទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះ
កើតមានចំពោះពួកគេឡើយ។
ព្រះអង្គជ្រាបនូវពាក្យសម្ដី
របស់ទូលបង្គំច្បាស់ណាស់។
17សូមកុំបំភ័យទូលបង្គំឡើយ
ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ
នៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។
18សូមឲ្យអស់អ្នកដែលបៀតបៀនទូលបង្គំ
ត្រូវអាម៉ាស់
តែកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
សូមឲ្យពួកគេញ័ររន្ធត់
តែកុំឲ្យទូលបង្គំញ័ររន្ធត់ឡើយ!
សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ
សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
ការគោរពថ្ងៃសប្ប័ទ
19 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្ដេចស្រុកយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។ 20ចូរប្រកាសប្រាប់ពួកគេថា: “ព្រះមហាក្សត្រ និងប្រជាជនយូដាទាំងមូល ព្រមទាំងអ្នកក្រុងយេរូសាឡឹមទាំងអស់ ដែលចេញចូលតាមទ្វារទាំងនេះអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ 21 ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃសប្ប័ទ*ឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។ 22 កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ 23តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។ 24ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: រីឯអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ 25ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។ 26ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងស្រុកយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ស្រុកបេនយ៉ាមីន ស្រុកដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូប មកថ្វាយ ដើម្បីអរព្រះគុណព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ។ 27ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.