អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានលោះអ្នក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ នៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្ន យើងនឹងធ្វើឲ្យខ្មាំងសត្រូវមកអង្វរអ្នក។ គ្មាននរណាអាចកាច់បំបាក់ ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។ យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់អ្នក។ យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើង ទាស់នឹងអ្នករាល់គ្នា»។ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ទូលបង្គំផង សូមយាងមកជួយទូលបង្គំ និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ! សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែព្រះអង្គ ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំ ពោរពេញដោយអំណរ និងសុភមង្គល ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។ ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយ ពួកលេងសើចឡើយ គឺព្រះអង្គបង្ខំទូលបង្គំឲ្យនៅដាច់ឡែកពីគេ ដ្បិតទូលបង្គំពោរពេញដោយកំហឹង រួមជាមួយព្រះអង្គដែរ។ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំ មិនព្រមជាសះដូច្នេះ? ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ! ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងឲ្យអ្នកវិលត្រឡប់ មកបំពេញមុខងារបម្រើយើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ ជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។ យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នក តែពុំអាចឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងរំដោះអ្នកឲ្យរួចផុតពី កណ្ដាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់ មនុស្សឃោរឃៅ។
អាន យេរេមា 15
ស្ដាប់នូវ យេរេមា 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 15:10-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ