យេរេមា 15:10-21

យេរេមា 15:10-21 គខប

អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​លោះ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ នៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្ន យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។ គ្មាន​នរណា​អាច​កាច់​បំបាក់ ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​ឡើយ។ យូដា​អើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​ប្រព្រឹត្ត​ពាស‌ពេញ​លើ​ទឹក​ដី​នេះ យើង​នឹង​ឲ្យ​ខ្មាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​របស់​អ្នក។ យើង​នឹង​ឲ្យ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះ‌ឆួល​ឡើង ទាស់​នឹង​អ្នក​រាល់​គ្នា»។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់ សូម​នឹក​ដល់​ទូលបង្គំ​ផង សូម​យាង​មក​ជួយ​ទូលបង្គំ និង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ! សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​រង​គ្រោះ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។ សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះអង្គ ទូលបង្គំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។ ពេល​ទូលបង្គំ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ ពោរ‌ពេញ​ដោយ​អំណរ និង​សុភមង្គល ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ព្រះអង្គ។ ទូលបង្គំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយ ពួក​លេង​សើច​ឡើយ គឺ​ព្រះអង្គ​បង្ខំ​ទូលបង្គំ​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដ្បិត​ទូលបង្គំ​ពោរ‌ពេញ​ដោយ​កំហឹង រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់ ជានិច្ច​បែប​នេះ? ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូលបង្គំ មិន​ព្រម​ជា​សះ​ដូច្នេះ? ព្រះអង្គ​ពិត​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​ខក​ចិត្ត ដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង នោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់ មក​បំពេញ​មុខងារ​បម្រើ​យើង​វិញ។ ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ យើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជា កំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះ ពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នក តែ​ពុំ​អាច​ឈ្នះ​អ្នក​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់ មនុស្ស​ឃោរ‌ឃៅ។