យេរេមា 13

13
ក្រណាត់​ក្រវាត់​ចង្កេះ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ទិញ​ក្រណាត់​ដ៏​ល្អ​យក​មក​ក្រវាត់​ចង្កេះ តែ​កុំ​បោក​ទឹក​ឡើយ»។ 2ខ្ញុំ​ក៏​ទៅ​ទិញ​ក្រណាត់​យក​មក​ក្រវាត់​ចង្កេះ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់
3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​សា​ជា​ថ្មី​ថា៖ 4«ចូរ​យក​ក្រណាត់​ដែល​អ្នក​បាន​ទិញ ហើយ​ក្រវាត់​នៅ​នឹង​ចង្កេះ​នោះ​មក រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត លាក់​ក្រណាត់​នោះ​ទុក​ក្នុង​កន្លៀត​ថ្ម​មួយ!»។ 5ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ ហើយ​លាក់​ក្រណាត់​នៅ​ជិត​ទន្លេ​អឺប្រាត តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់6យូរ​ថ្ងៃ​កន្លង​មក​ទៀត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ទន្លេ​អឺប្រាត យក​ក្រណាត់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​លាក់​នោះ មក​វិញ!»។ 7ខ្ញុំ​ក៏​ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ តែ​ក្រណាត់​នោះ​ពុក​អស់ ប្រើ​ការ​លែង​កើត។
8 ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ 9«យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​អួត‌អាង​របស់​ប្រជា‌ជន​យូដា និង​ចិត្ត​ក្រអឺត‌ក្រទម​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។ 10ប្រជា‌ជន​នេះ​អាក្រក់​ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹង‌រូស​របស់​ខ្លួន ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​នាំ​គ្នា​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត! 11មនុស្ស​ធ្លាប់​យក​ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរី‌រុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ស្រា​ទំពាំង‌បាយជូរ និង​ព្រះ‌ពិរោធ
12«ចូរ​អ្នក​យក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ធម្មតា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក”។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា “យើង​ដឹង​ហើយ​ថា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក!”។ 13ពេល​នោះ អ្នក​ត្រូវ​ពោល​ទៅ​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បង្អក​ស្រា​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជា‌ចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល រហូត​ដល់​ស្រវឹង។ 14យើង​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​សម្លាប់​គ្នា ទាំង​ឪពុក ទាំង​កូន គឺ​យើង​មិន​ត្រា​ប្រណី មិន​មេត្តា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រា‌រាំង​យើង​មិន​ឲ្យ​កម្ទេច​ពួក​គេ​ឡើយ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌បន្ទូល​ព្រមាន
15ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល
ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់
កុំ​វាយ‌ឫក​ខ្ពស់​ឲ្យ​សោះ!
16ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
មុន​ពេល​ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក
ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ
ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។
អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃ
តែ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា
យប់​ដ៏​សែន​ងងឹត
ព្រះអង្គ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា
ពពក​ដ៏​ខ្មៅ​ងងឹត។
17ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេ
នោះ​ខ្ញុំ​នឹង​ទៅ​ពួន​យំ សោក​ស្ដាយ
ព្រោះ​ឃើញ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រកាន់​អំនួត។
ខ្ញុំ​នឹង​បង្ហូរ​ទឹក​ភ្នែក សោក​សង្រេង
ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌អម្ចាស់
ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។
18ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា:
“សូម​គង់​ផ្ទាល់​នឹង​ដី​ទៅ!
ដ្បិត​មកុដ​រាជ្យ​របស់​ព្រះ‌ករុណា
បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ”។
19ទ្វារ​ក្រុង​ទាំង‌ឡាយ​នៅ​តំបន់​ខាង​ត្បូង
បិទ​អស់​ហើយ គ្មាន​នរណា​មក​បើក​ទៀត​ទេ
ជន‌ជាតិ​យូដា​ទាំង​មូល​ត្រូវ​ខ្មាំង​នាំ​យក​ទៅ​ជា
ឈ្លើយ​សឹក​អស់​គ្មាន​សល់។
20«យេរូ‌សាឡឹម​អើយ ចូរ​ងើប​មុខ​ឡើង
សម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើង
តើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក
គឺ​ប្រជា‌ជន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​បាន​ខ្ពស់​មុខ
ទៅ​ណា​បាត់​អស់​ហើយ?
21អ្នក​ធ្លាប់​ចាត់​ទុក​ខ្មាំង​សត្រូវ​ជា​សម្ពន្ធ‌មិត្ត
ពេល​ពួក​គេ​មក​បំផ្លាញ​អ្នក
តើ​អ្នក​ថ្លែង​ដូច​ម្ដេច​ទៅ?
អ្នក​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង
ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។
22ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជា
ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?”
នោះ​តោង​ដឹង​ថា
ខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នក
និង​រំលោភ​លើ​អ្នក​ដូច្នេះ
ព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។
23តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរ
ហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើ
ស្បែក​របស់​វា​បាន​ឬ​ទេ?
រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ
អ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​ឡើយ។
24យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា
ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោ‌ស្ថាន
ផាត់​យក​ទៅ។
25យេរូ‌សាឡឹម​អើយ
នេះ​ជា​ទារុណ‌កម្ម​ដែល​យើង​បម្រុង​ទុក​សម្រាប់​អ្នក
ដ្បិត​អ្នក​បាន​បំភ្លេច​យើង
ហើយ​បែរ​ទៅ​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
26យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើង
រហូត​ដល់​ក្បាល
ដើម្បី​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។
27យើង​បាន​ឃើញ​ការ​ផិត​ក្បត់ តម្រេក​តណ្ហា
និង​អំពើ​ពេស្យា‌ចារ​ដ៏​ថោក​ទាប​របស់​អ្នក
នៅ​តាម​កំពូល​ភ្នំ និង​នៅ​តាម​ទី​វាល
យើង​បាន​ឃើញ​ព្រះ​នានា​ដែល​គួរ​ស្អប់​ខ្ពើម
របស់​អ្នក!
យេរូ‌សាឡឹម​អើយ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន
ព្រោះ​អ្នក​មិន​ព្រម​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទេ
តើ​នៅ​ដូច្នេះ​ដល់​កាល​ណា​ទៀត?»។

ទើបបានជ្រើសរើសហើយ៖

យេរេមា 13: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល