ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។ យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការី សម្រាប់ប្រជាជាតិនានា»។ ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំពោលថា“ខ្ញុំនៅក្មេងពេក”នោះឡើយ អ្នកត្រូវតែទៅជួបអស់អ្នកដែលយើង ចាត់ឲ្យទៅជួប ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់អ្នក។ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករម្លើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយ មែក»។ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។ យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។ រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។ ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមបូជាចារ្យ និងអ្នកស្រុកនេះ។ ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន យេរេមា 1
ស្ដាប់នូវ យេរេមា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 1:4-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ