ចៅហ្វាយ 8
8
កុលសម្ព័ន្ធអេប្រាអ៊ីមមិនសប្បាយចិត្ត
1កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្ដីបន្ទោសលោកយ៉ាងខ្លាំង។ 2លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជម្នះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្ដី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត? 3 ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។
លោកគេឌាននៅខាងកើតទន្លេយ័រដាន់
4លោកគេឌាន និងទ័ពទាំងបីរយនាក់ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្ដី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ 5ពេលពួកគេទៅដល់ក្រុងសិកូត លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងនោះថា៖ «សូមចែកនំប៉័ងឲ្យទ័ពដែលមកតាមខ្ញុំនេះផង ព្រោះគេហត់នឿយខ្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាល់មូណា ស្ដេចសាសន៍ម៉ាឌាន»។ 6ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកលោកវិញថា៖ «តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។ 7លោកគេឌានតបទៅគេវិញថា៖ «កាលណាព្រះអម្ចាស់ប្រគល់ស្ដេចសេបាស និងស្ដេចសាល់មូណា មកក្នុងកណ្ដាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។ 8លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។ 9លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញ ដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។
10រីឯស្ដេចសេបាស និងស្ដេចសាល់មូណា បានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។ 11លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពនេចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។ 12ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។
13លោកគេឌាន ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ 14ពេលនោះ លោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ 15បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកដែលអស់កម្លាំងបរិភោគ?”»។ 16លោកចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិត មកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។ 17លោកបានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។
18បន្ទាប់មក លោកគេឌានសួរទៅស្ដេចសេបាស និងស្ដេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្ដេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្ដេច»។ 19លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។ 20បន្ទាប់មក លោកបង្គាប់ទៅយេធើរ ជាកូនច្បងរបស់លោកថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាច ដោយខ្លួននៅក្មេងពេក។ 21ស្ដេចសេបាស និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។
លោកគេឌានបដិសេធមិនព្រមគ្រងរាជ្យ
22ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ 23លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ 24លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។ 25ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។ 26ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទុំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។ 27លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។ 28ចាប់ពីពេលនោះមក ជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រាអែល មិនអាចងើបមុខឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ 29លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។ 30លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។ 31ប្រពន្ធចុងរបស់លោក នៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនលោក ដែលលោកដាក់ឈ្មោះថា អប៊ីម៉ាឡេក។
32លោកគេឌាន ជាកូនរបស់លោកយ៉ូអាស បានរស់យ៉ាងយូរ ប្រកបដោយសុភមង្គល បន្ទាប់មក លោកក៏ទទួលមរណភាពទៅ។ គេបានបញ្ចុះសពលោកក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុក នៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
33ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ 34ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ 35ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.