ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។ ជនជាតិម៉ាឌានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រាអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជម្រក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។ រាល់ពេលជនជាតិអ៊ីស្រាអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។ អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជនជាតិអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រាអែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។ ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។ ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរព្រះអម្ចាស់ឲ្យជួយសង្គ្រោះគេ។ នៅពេលជនជាតិអ៊ីស្រាអែលស្រែកអង្វរ សុំព្រះអម្ចាស់រំដោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន ព្រះអង្គក៏ចាត់ព្យាការីមួយរូបឲ្យមកប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នាចេញពីកន្លែង ដែលអ្នករាល់គ្នាជាប់ជាទាសករ។ យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ សង្កត់សង្កិនអ្នករាល់គ្នា។ យើងបានដេញពួកគេចេញពីមុខអ្នករាល់គ្នា ព្រមទាំងប្រគល់ទឹកដីរបស់ពួកគេមកឲ្យអ្នករាល់គ្នាទៀតផង។ យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្ដាប់យើងសោះ”»។ គ្រានោះ ទេវតារបស់ព្រះអម្ចាស់បានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃ ដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។
អាន ចៅហ្វាយ 6
ស្ដាប់នូវ ចៅហ្វាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 6:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ